វាជារឿងមួយដ៏ភ្ញាក់ផ្អើលមួយ ខណៈថ្មីៗនេះ មានការទម្លាយឱ្យដឹងថា ចំណងស្នេហ៍អ្នកមេម៉ាយសាច់សខ្ចី សុខ សោម៉ាវត្តី និងកំលោះសង្ហាជាកីឡាករបាល់ទាត់ លី វ៉ាហេដ ពិតជាបានដើរដល់ផ្លូវបំបែកហើយនោះ។
កន្លងមកទំនាក់ទំនងស្នេហាដ៏ជ្រាលជ្រៅរវាងតារាសម្ដែងសាច់សខ្ចី សុខ សោម៉ាវត្តី និងកីឡាករបាល់ទាត់ លី វ៉ាហេដ ត្រូវបានមនុស្សម្នារជាច្រើនដឹងតាមរយៈការបង្ហោះរូបភាពស្និតស្នាល និងភាសាផ្អែមល្ហែមជាមួយគ្នានៅលើបណ្ដាញសង្គម។
ទោះយ៉ាងណាមួយរយៈប៉ុន្មានខែចុងក្រោយនេះ គេឧស្សាហ៍សង្កេតឃើញអ្នកមេម៉ាយកូនមួយរូបនេះ តែងតែបង្ហាញពីភាពស្រងូតស្រងាត់ និងតែងតែដើរហើរមាត់ស្ទឹងតែម្នាក់ៗឯង និងមិនដែលឃើញកៀកកើយដៃបុរសសង្ហា លី វ៉ាហេដ ទៀតឡើយ។
ស្របពេលជាមួយគ្នាដែរនោះ ក៏មានចចាមអារ៉ាមមួយចំនួនបាននិយាយថា ចំណងស្នេហ៍របស់អ្នកទាំងពីរប្រហែលជាដើរដល់ផ្លូវបំបែក។ ប៉ុន្តែដំណឹងនេះ មិនត្រូវបានចាប់អារម្មណ៍ច្រើនឡើយ ហើយក៏បានស្ងប់ស្ងាត់ទៅវិញ។
ក្រោយមក រឿងរ៉ាវស្នេហារបស់ សុខ សោម៉ាវត្តី និងកំលោះ លី វ៉ាហេដ បានផ្ទុះឡើងសារជាថ្មីម្ដងទៀត បន្ទាប់ពីមានការអះអាងពីប្រភពជិតស្និតថា ពេលនេះទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ(សុខ សោម៉ាវត្តី និងលី វ៉ាហេដ) ពិតជាដើរដល់ផ្លូវបំបែកមែន។
ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក ប្រភពស្និតស្នាលនឹង សុខ សោម៉ាវត្តី បាននិយាយដោយសុំមិនបញ្ចេញឈ្មោះថា ដំណឹងចចាមអារ៉ាមរឿងពិធីការិនីមេម៉ាយកូន សុខ សោម៉ាវត្តី និងកីឡាករខ្សែការពារ លី វ៉ាហេដ ប្រេះឆាស្នេហ៍នោះ គឺជាការពិត ហើយពេលនេះពួកគេមិនមែនជាសង្សារនឹងគ្នាទៀតនោះទេ។
បើទោះជាយ៉ាងណា ប្រភពដដែលមិនប្រាប់ពីរឿងរ៉ាវដែលនាំឲ្យ គូស្នេហ៍ដ៏ស្អិតល្មួតមួយគូនេះបញ្ចប់ស្នេហ៍កណ្ដាលទីនោះឡើយ។ ដូចគ្នាពាក់ព័ន្ធនឹងករណីនេះ យើង ក៏មិនអាចសុំការបញ្ជាក់ពីសាមីខ្លួនទាំងពីរនោះដែរ។
គួររំលឹកថាសុខ សោម៉ាវត្តី បានរៀបការកាលពីឆ្នាំ២០១២ ដោយបន្សល់ចំណងដៃកូនស្រីម្នាក់។ បន្ទាប់ពីចែកផ្លូវគ្នាជាមួយអតីតស្វាមី ពិធីការិនី សុខ សោម៉ាវត្តី ក៏បានជួបស្នេហ៍ជាមួយកំលោះសង្ហាជាកីឡាបាល់ទាត់ លី វ៉ាហេដ និងបានកាន់ដៃគ្នាយ៉ាងស្អិតល្មួតជាច្រើនឆ្នាំ និងធ្លាប់បង្ហើបពីគម្រោងដឹកដៃគ្នាចូលរោងការផងដែរ៕