លោកអ្នក បានជ្រាបរួចមកហើយថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ Adminជីងចក់ កំពុងមានទុក្ខព្រួយយ៉ាងខ្លាំង ដោយសារតែប្រពន្ធប្រកាសលែងលះជាផ្លូវការ ធ្វើឲ្យចំណងស្នេហ៍ជាប្ដីប្រពន្ធរបស់ពួកគេត្រូវកាត់ផ្ដាច់ទាំងអាល័យនោះ។
ទោះមានទុកធំប៉ុណ្ណា Adminជីងចក់ នៅតែរក្សាជំហរខំប្រឹងសើច និង និយាយលេងដើម្បីបម្រើអារម្មណ៍អ្នកគាំទ្ររបស់ខ្លួន ដែលតែងតែចូលមកខំមិនសួរសំណួរប្លែកៗឲ្យលោកឆ្លើយនោះ។
ជាក់ស្ដែង នៅក្នុងការឡាយកាលពីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ពេលមានខំមិនមួយ លើកឡើងថា «ពូចក់អត់សេដទេ?» ស្រាប់តែពូចក់ បង្ហាញអារម្មណ៍ពិតថា «ពូសេដខ្លាំងណាស់ ពូនិយាយមែន។ សួរថាសេដទេ សេដ សួរថា ប៉ះពាល់ផ្លូវអារម្មណ៍ទេ ប៉ះពាល់ សួរថា ឲ្យពិបាកចិត្តអត់ ពិបាកចិត្ត ប៉ុន្តែពូនៅតែរឹងមាំ ព្រោះការងារ គឺការងារ រឿងជីវិតគ្រួសារ ដឹងរឿងជីវិតគ្រួសារ គឺអត់ប៉ះពាល់គ្នាទេ»។
បន្ថែមលើនេះ ពេលកំពុងមានទុក្ខហើយនៅ ពេលទទួលបានព័ត៌មានថា ក្រុមការងារTVFB កំពុងមានជំងឺទើបតែវះកាត់រួច និងកំពុងសម្រាកព្យាបាលនោះ Adminជីងចក់ បានឧបត្ថម្ភជាថវិកាដើម្បីចូលរួមសម្រាលបន្ទុកក្នុងការព្យាបាលផងដែរ។
ជាការឆ្លើយតបទៅនឹងទឹកចិត្តដ៏ប្រពៃនេះ លោក សុវណ្ណ រិទ្ធី បានធ្វើការថ្លែងអរគុណថា «ខ្ញុំបាទសូមអរគុណដល់បងប្រុស Choeun Chork ដែលបានផ្តល់ជាថវិកា50$ ដើម្បីសម្រាលការលំបាកដល់ប្អូនប្រុស អែល មេសាជាក្រុមការងារTVFB ដែលមានជំងឺឈឺធ្ងន់ខ្យល់ចូលសួត ទើបតែធ្វើការវះកាត់រួច និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែរ មិត្តភាពសូវៀត។ សូមជូនពរដល់បងប្រុសរួមទាំងក្រុមគ្រួសារទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច និងពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ បដិពានៈ កុំបីឃ្លៀងឃ្លាតឡើយ»។
បន្ថែមលើនេះ លោក សុវណ្ណ រិទ្ធី ដែលធ្លាប់មានបញ្ហាគ្រួសារល្បីកក្រើកបណ្ដាញសង្គមដែរនោះ បានលើកសរសើរទឹកចិត្តតាមរយៈខំមិនថា «អរគុណបងណាស់ បងជួបទុក្ខហើយប្អូនមិនអាចជួយសម្រាលអ្វីបាន ហើយឆ្លៀតមកជួយក្រុមការងារខ្ញុំទៀត»៕