កាលពីយប់ម្សិលមិញ ក្រោយពីអ្នកនាង ផល្លា បានឡាយវីដេអូ បង្ហាញលិខិតលែងលះចប់សព្វគ្រប់នោះ, Adminជីងចក់ បានឡាយវីដេអូដែរ ដោយដាក់ចំណងជើងថា «ចង់ទៅបួសផង ចង់លោតទឹកលើស្ពានជ្រោយចង្វារផង ខូចចិត្តស្ទើរប្រេះទ្រូងដោយសារMANU»។
នៅក្នុងការឡាយនោះ ពេលកំពុងនិយាយលេងសើច ឆ្លើយតបជាមួយនឹងខំមិនប្លែកៗជាច្រើននោះ មានខំមិនមួយ លើកឡើងថា «ពូចក់អត់សេដទេ?» ស្រាប់តែពូចក់ បង្ហាញអារម្មណ៍ពិតថា «ពូសេដខ្លាំងណាស់ ពូនិយាយមែន។ សួរថាសេដទេ សេដ សួរថា ប៉ះពាល់ផ្លូវអារម្មណ៍ទេ ប៉ះពាល់ សួរថា ឲ្យពិបាកចិត្តអត់ ពិបាកចិត្ត ប៉ុន្តែពូនៅតែរឹងមាំ ព្រោះការងារ គឺការងារ រឿងជីវិតគ្រួសារ ដឹងរឿងជីវិតគ្រួសារ គឺអត់ប៉ះពាល់គ្នាទេ»។
ទោះយ៉ាងណា ពេលមានខំមិនមួយទៀត លើកទឹកចិត្តថា «ពូត្រូវតែរឹងមាំដើម្បីស្រីៗ នៅរង់ចាំពូទៀត»។ ភ្លាមនោះ Adminជីងចក់ ឆ្លើយតប ជាមួយនឹងការសន្យា ថា «អរគុណច្រើនក្មួយ ពូនឹងចងចាំពាក្យពេចន៍ ដែលក្មួយបានផ្ដែផ្ដាំហ្នឹង ចាំជានិច្ចក្នុងក្រអៅបេះដូងរបស់ពូ ពូអរគុណ»។
ក្រោយពីឡាយសើចផង កើតទុក្ខផងនោះ នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ Adminជីងចក់ បានបង្ហោះរូបថតកំពុងលេងបាល់ទាត់ជាច្រើនសន្លឹក ហើយបញ្ជាក់ភាពម្ចាស់ការបានវិញថា «1-រឿងគ្រួសារត្រូវដោះស្រាយ 2-ការងារត្រូវតែធ្វើ 3-កីឡាត្រូវហ្វឹកហាត់ 4-មានម្ចាស់ការវិញហើយ»។
បន្ថែមលើនេះ មុនបង្ហើសារបញ្ជាក់ថា ខាងលើនេះ Adminជីងចក់ បានបង្ហោះរូត១សន្លឹក ជាមួយអ្នកនាងផល្លា ភ្ជាប់ជាមួយបេះដូងប្រេះឆា ហើយបញ្ជាក់ថា «អតីតកាល បន្សល់ត្រឹមការចងចាំជាមួយនឹងអនុស្សាវរីយ៍ល្អៗ»។
តាមរយៈសារ និងការឆ្លើយតបបង្ហាញភាពរឹងមាំរបស់ខ្លួននោះ គេស្មានតែAdminជីងចក់ កាត់ចិត្តបាន អាចម្ចាស់ការវិញហើយ ដឹងអីស្រាប់តែលោក ធ្វើដំណើរទៅស្ពានជ្រោយចង្វារមែន ហើយបង្ហោះរូបថត១សន្លឹកនៅយប់ថ្ងៃទី២៩ ខែមេសា រួចប្រាប់ថា «រង់ចាំក្រុមការងាររៀបចំកន្លែងលោតVIPអោយ»។
ក្រោយមក អ្នកធ្វើអត្ថាធិប្បាយបាល់ទាត់ដ៏ល្បីតាមបណ្ដាញសង្គមរូបនេះ បានបញ្ជាក់បន្ថែមទាំងក្ដៅក្រហាយក្នុងខំមិនថា «ទេ អញចាំយូរហើយ គ្មានអាត្រូវគ្រាប់ណាមកឃាត់អញអញ្ចឹង»។
គេនៅមិនដឹងថា តើលោកទៅទីនោះ គ្រាន់តែជាការលំហែកាយ បំបាត់ទុក្ខកង្វល់ក្រោយភរិយា ហែកហួរ និងដៀលគ្មានសល់ ឬក៏សម្រេចចិត្តលោតទឹកមែនទែន តាមការបញ្ជាក់ក្នុងការឡាយរបស់លោកនោះ។ ចម្លើយមានតែរង់ចាំមើលទាំងអស់គ្នា ថាតើបុរសជាប់ឈ្មោះជាព្រាននារីរូបនេះ ប្រុងធ្វើអ្វីនោះ៕