ក្រោយពីរឿងរ៉ាវបាក់បែកស្នេហារបស់Adminជីងចក់ និងអ្នកនាង ផល្លា ក្លាយជាប្រធានបទដ៏រសើបសម្រាប់អ្នកគាំទ្រនោះ មានអ្នកខ្លះក៏ជឿថា នេះជារឿងពិត ខណៈអ្នកខ្លះទៀត គិតថានេះគ្រាន់តែជាការសម្ដែងប៉ុណ្ណោះ។
ទោះយ៉ាងណា យើងមិនដឹងថា ជាការសម្ដែង ឬជាការពិតនៅឡើយទេ គ្រាន់តែដឹងថា ចាប់តាំងពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២រហូតមកដល់ពេលនេះ ពួកគេ ហាក់មិនហែកហួរគ្នាទៀតឡើយ ហើយម្នាក់បង្ហាញអារម្មណ៍នឹកនាគ្នាដូចគ្នា។ នេះជាសញ្ញាមួយបង្ហាញថា ពួកគេអាចនឹងជានាគ្នាវិញ។
ជាក់ស្ដែង កាលពីល្ងាចថ្ងៃទី៣ ខែឧសភា ពូចក់ បង្ហោះសារ ហាក់កំពុងប្រាប់អ្នកណាម្នាក់ថា «រៀនដោះស្រាយបញ្ហា ដោយប្រើសតិ! កុំយកកំហឹង ឆេវឆាវមកសម្រេចចិត្តនៅពេលខឹង ស្ដាយមួយពេល ស្ដាយមួយជីវិត។ ជីវិតនាយចក់»។
នៅល្ងាចថ្ងៃដដែលនោះ អ្នកនាង ផល្លា បានប្រាប់អ្នកគាំទ្រថា ធ្វើដំណើរទៅកាន់វត្តភ្នំដើម្បីចុះAuditព្រោះគេថា នៅទីនោះសប្បាយ។ លុះពេលគេជូនពរឲ្យឆាប់ត្រូវគ្នាវិញនោះ អ្នកនាង បានធ្វើការលើកដៃសំពេះអរគុណជាមួយសម្ដីយ៉ាងទន់ភ្លន់។
ចំណែកពូចក់ នៅយប់ថ្ងៃដដែលនោះ ក៏បានធ្វើការឡាយផងដែរ ហើយពេលគេសួរនឹក អ្នកមីងអត់នោះ ពូចក់ ប្រែទឹកមុខ ហើយប្រាប់ពីអារម្មណ៍នឹកនា និងមិនចង់ឃើញគេជេរអ្នកនាងផល្លា ឡើយ។
ស្របពេលមានសញ្ញាល្អចំពោះចំណងស្នេហ៍របស់ពួកគេ ថាអាចជានាគ្នាឡើងវិញនេះ ស្រាប់តែបែកធ្លាយរូបថត១សន្លឹក តាមរយៈគណនីហ្វេសប៊ុក «Golden Man» ដោយឃើញAdminជីងចក់ និងអ្នកនាងផល្លាថតកៀកកើយគ្នា។ នៅក្នុងរូបថតនេះ មានបញ្ជាក់ថ្ងៃខែទៀតផង ដោយដាក់ថា ម៉ោង២និង៤៧នាទីយប់ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២។
ក្រោយពីរូបថត១នេះ ត្រូវបានគេចែកចាយពេញបណ្ដាញសង្គមបង្កជាការចាប់អារម្មណ៍ និងគិតថា ពួកគេត្រូវរ៉ូវគ្នាវិញ ហើយកន្លងមកគ្រាន់តែជាការសម្ដែងនោះ ស្រាប់តែAdminជីងចក់ បង្ហោះសារនៅល្ងាចថ្ងៃទី៤ ខែឧសភានេះ ដោយប្រាប់អ្នកគាំទ្រថា «កុំជ្រួលច្របល់បងប្អូន! រូបថតមួយសន្លឹកដែលបែកធ្លាយមុននឹង ខ្ញុំនឹងLiveបកស្រាយយប់នេះ ម៉ោង9នៅក្នុងអាខោនផ្លូវការរបស់ខ្ញុំ»។
ស្របពេលជាមួយគ្នានេះ ស្រាប់តែអ្នកនាងផល្លា បានបង្ហោះសារ១ដែរ ដោយបញ្ជាក់ថា «យប់ឡាយបកស្រាយរឿងរូបយប់មិញ!»។ តើរឿងនេះ ជាការសម្ដែងមែន ឬយ៉ាងណានោះ ចម្លើយរង់ចាំការបកស្រាយរបស់ពួកគេបន្តិចទៀត ក្នុងយប់នេះ៕