ក្រោយពីបកស្រាយចប់សព្វគ្រប់ ចំពោះរឿងបែកធ្លាយរូបថតមួយសន្លឹក ថតជាមួយអតីតភរិយានៅក្នុងក្លឹបកម្សាន្តមួយនោះ Adminជីងចក់ បានធ្វើដំណើរទៅ វត្តស្ពឺត្បូង ស្ថិតក្នុងឃុំ ម្សាក្រង ស្រុកស្ទោង ខេតកំពង់ធំ។
នៅក្នុងការទៅវត្តខាងលើ អ្នកអត្ថាធិប្បាយ បាល់ទាត់ដ៏ល្បីរូបនេះ បានឲ្យគេថតរូប១សន្លឹក យកមកបង្ហោះក្នុងគណនីហ្វេសប៊ុករបស់ខ្លួន ហើយដាក់Captionថា «សូមក្រាបថ្វាយបង្គំ និងអរព្រះគុណ ដល់គុណម្ចាស់គ្រប់ព្រះអង្គ ដែលបានអនុញ្ញាតអោយខ្ញុំព្រះករុណាចូលបួស»។
តាមរយៈCaptionនិងរូបថតនេះ បានធ្វើឲ្យអ្នកគាំទ្រគិតថា ពូចក់ទំនងជាទៅបួសព្រោះរឿងស្នេហាតាមលំនាំបុគ្គលល្បីៗមួយចំនួននាពេលកន្លងមកហើយមើលទៅ តែត្រូវបានរូបលោក បញ្ជាក់ក្នុងខំមិនថា «ពូមិនបួសទេ បើពូបួសសងគុណឪពុកម្ដាយ»។
ដូចការបញ្ជាក់របស់លោកអញ្ចឹង លោកមិនបួសនោះទេ ដោយឃើញលោកធ្វើការឡាយ និយាយពីបាល់ទាត់ នៅយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២នេះ ហើយនៅក្នុងការឡាយនោះស្រាប់តែឮចម្រៀងបទ «អូនលែងប្ដីហើយ» ធ្វើឲ្យលោកក្ដៅឆេវតែម្ដង។
លោកបាននិយាយថា និយាយមែនឲ្យតែឮបទ «អូនលែងប្ដីហើយ» ក្ដៅក្រហាយចំពោះអ្នកនិពន្ធខ្លាំងណាស់ និយាយត្រង់។ លោកថា ១ឆ្នាំ តាំងពីចូលឆ្នាំមក គ្រាន់តែបទ លែងប្ដីហ្នឹង និយាយទៅជាន់ដានខ្លួនឯង។ បទហ្នឹងធ្វើឲ្យគេជ្រួលជ្រើមតើ ឥឡូវលែងទៅ លែងបានសម្រេចហើយ ដោយសារតែអាលែងប្ដីដាច់ហ្នឹង។
លោកបន្តថា ជិះឡានអី ឮបទហ្នឹងសឹងតែបិទចោល តែឥឡូវលែងបិទហើយ ព្រោះវារួចរាល់អស់ហើយ។ លោកបញ្ជាក់ទៀតថា ឲ្យតែឮបទ លែងប្ដីដាច់ ក្នុងទ្រូងមួម៉ៅ។ ទោះយ៉ាងណា លោកថា បងខាត់សុឃីម ច្រៀងពីរោះហើយ តែខ្លួនមិនចង់ស្ដាប់បទហ្នឹង។
គួរបញ្ជាក់ថា ចំពោះបទ «អូនលែងប្ដីហើយ» កន្លងមកក៏មានការប្រតិកម្មមួយចំនួនផងដែរ ដោយអ្នកលេងបណ្ដាញសង្គមជាច្រើន យល់ថា ពាក្យពេជន៍មួយចំនួនក្នុងបទចម្រៀងនេះ ដូចជាមិនសក្ដិសមទៅនឹងតម្លៃនៃស្ត្រីខ្មែរ ដូចជាលែងប្ដីហើយសប្បាយចិត្ត ប្រកាសរកសង្សារថ្មី ជាដើម។
ក្រៅពីរិះគន់ទៅលើអ្នកចម្រៀង ខាត់ សុឃីម ហើយនោះ ក៏មានការរិះគន់ចំពោះអ្នកនិពន្ធផងដែរ។ មតិខ្លះលើកឡើងថា កានិពន្ធត្រូវគិតពីតម្លៃនៃសង្គម សីលធម៌ វប្បធម៌ ប្រពៃណី និងមរតកជាតិផង កុំដើម្បីតែប្រាក់ធ្វើតាមចិត្តភ្លេចអស់រសនិយម និង តម្លៃជាតិ។ ក្នុងនោះ ថែមទាំង មានការប្រកាសថ្កោលទោសដល់អ្នកនិពន្ធបទនេះ ព្រោះវាមានចរិតប្រ,មាថស្ត្រីខ្មែរ និងផ្សព្វផ្សាយអពើហិ, ង្សាក្នុងគ្រួសារ។
ដោយឃើញមានការរិះគន់ច្រើនបែបនេះ លោកជំទាវ ហ៊ុន ស៊ីណាត កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២កន្លងទៅ បានចេញមុខការពារអ្នកនាង ខាត់ សុឃីម ដោយលើកហេតុផលថា «គ្រាន់តែចម្រៀងច្រៀងលេងកម្សាន្តសោះបទគេពីរោះ អត្ថន័យល្អ អត់មានបន្ទាបតម្លៃនោះទេ ស្ត្រីមានសិទ្ធិរើបម្រាស់ ដូចបុរសដែរតាស៎
មនុស្សស្រីសម័យៗនេះ គឺគាត់រឹងមាំណាស់ មិនដូចសម័យមុនៗនោះទេ ស្ត្រីនិងបុរស ក្នុងសម័យនេះ គឺមានសិទ្ធិស្មើគ្នា បទចម្រៀងល្អ (បើប្ដីនោះមានសមត្ថភាពពិត សូមកុំខ្លាច) ចេះតែមានរឿងមកទើសខុស ទំនងហើយលោកអើយ ចុះត្រង់អាឡាយបញ្ចេញស្អីៗនោះមិនទើសផងទៅ»។
ទោះយ៉ាងណា ងាកមក អ្នកនាង ខាត់ សុឃីម នៅមុនចូលឆ្នាំមួយថ្ងៃ បានចេញមុខសុំការយោគយល់ពីមហាជនទូទៅចំពោះបទចម្រៀង ដែលកំពុងល្បីល្បាញនេះ ព្រោះពួកគេគ្មានបំណងណាមួយចង់ជាន់ពន្លិចតម្លៃស្ត្រីខ្មែរដូចការចោទប្រកាន់នោះទេ។
អ្នកនាងថា គ្រាន់តែជាបទចម្រៀងមួយក្នុងចំណោមបទចម្រៀងជាច្រើនទៀត ដែលនាងធ្លាប់បានច្រៀងពាក់ព័ន្ធនឹងជីវិតរបស់ស្ត្រីមេម៉ាយ។ តារាពហុជំនាញរូបនេះ បានស្នើដល់មហាជនបើកចិត្តទូលាយ និងកាត់បន្ថយការប្រកាន់ហួសហេតុពេក៕