កាលពីពេលថ្មីៗកន្លងទៅនេះ ស្របពេលរឿងរ៉ាវបែកបាក់ចំណងស្នេហ៍ជាប្ដីប្រពន្ធរវាងAdminជីងចក់ និងអ្នកនាង ផល្លា ក្លាយជាប្រធានបទដ៏រសើបនោះ ស្រាប់តែបែកធ្លាយរូបថត១សន្លឹក ធ្វើឲ្យមហាជនគិតថា ពួកគេទាំង២នាក់ត្រូវគ្នាវិញ រឿងកន្លងមកគ្រាន់តែជាការសម្ដែងយកល្បីប៉ុណ្ណោះ។
ក្រោយបែកធ្លាយបង្កឲ្យមានការចាប់អារម្មណ៍នោះ Adminជីងចក់ និងអ្នកនាង ផល្លា បានឡាយវីដេអូ ធ្វើការបកស្រាយដូចគ្នា ដោយបញ្ជាក់ថា នេះជារូបថតពិត តែមិនមែនជាការសម្ដែងនោះទេ ពួកគេជួបគ្នានៅក្លឹបកម្សាន្តមួយកន្លែងក្រោមការរៀបចំរបស់ម្ចាស់កម្មវិធីក្នុងគោលបំណងដើម្បីឲ្យពួកគេធ្វើការផ្សះផ្សាគ្នា តែលទ្ធផលនៅតែមិនអាចទៅរួច។
ជាក់ស្ដែង អ្នកនាង ផល្លា បានបញ្ជាក់នៅក្នុងការឡាយបកស្រាយថា ខ្លួនមិនអាចយករឿងគ្រួសារមួយប៉ុនណាណី មកលេងសើច យកមកសម្ដែង ទាក់ទាញViews យកចំណាប់អារម្មណ៍នោះទេ។ អ្នកនាង បានបន្តថា ដោយសារតែមានកម្មវិធី បងស្រី បងប្រុស គាត់ហៅទៅជល់គ្នា បងស្រីបងប្រុស គាត់ចង់ឲ្យត្រូវគ្នា ក៏ហៅទៅជល់គ្នា ហើយ២នាក់ខ្លួន អត់មានចេតនាអីថានឹងជួបគ្នាទេ ព្រោះអត់បានដឹងខ្លួនមុនទេ។
អ្នកលក់អនឡាញដ៏ល្បីរូបនេះបន្តថា ពេលជល់គ្នា ក៏ថតរូប ថតអីជាមួយគ្នាធម្មតាទៅ ព្រោះនៅទីសាធារណៈ អ្នកណាទៅធ្វើអីអាក្រក់ ឬឈ្លោះគ្នា ធ្វើអីដាក់គាត់បាននោះទេ បើរឿងខឹង ខឹងហើយ។ ដូចខ្លួនបញ្ជាក់អញ្ចឹង ខ្លួនក៏នឹកស្រឡាញ់គាត់ គាត់ក៏នៅស្រឡាញ់ខ្លួន ចិត្តអត់ទាន់ដាច់ពីគ្នា សួរតែឲ្យយកគ្នាវិញនៅ នៅទេ គ្រាន់តែជួបគ្នាវ៉ាក់អ៊ើនៅខាងក្រៅ ហើយថតរូបធម្មតាតែប៉ុណ្ណឹង អត់ទាន់ត្រូវគ្នាទេ។
អ្នកនាង ផល្លា បញ្ជាក់ទៀតថា ពួកខ្លួនអត់ទាន់យកគ្នា អត់ទាន់ត្រូវគ្នានោះទេ គ្រាន់តែថាបើជួបគ្នានៅខាងក្រៅ គឺធម្មតា អត់អាចទៅវ៉ៃគ្នាបែកក្បាលហូរឈាមអីនោះទេ តែបើថា ឲ្យយកគ្នាជាប្ដីប្រពន្ធវិញនៅ? អត់ទាន់បានយកគ្នាវិញទេ។
ពាក់ព័ន្ធនឹងរូបថត១សន្លឹកបែកធ្លាយនោះ អ្នកនាង ផល្លា បានបញ្ជាក់ទៀតថា នេះគ្រាន់តែជារូបថតជាមួយគ្នាធម្មតា ហើយការថតនេះ ក៏អត់មានចេតនានឹងថត ហើយក៏អត់មានដឹងថា គេថតទៀតលក្ខណៈថា យើងទៅក្លឹប មិនផឹក បើខ្លួនផឹកផ្ទះមិនភក្ដិឡើងស្រវឹ,ងហើយ ទម្រាំតទៅក្លឹបទៀត។ អញ្ចឹងពេលហ្នឹងអត់ដឹងថា គេថតនោះទេ ដល់ថ្ងៃឡើងបើកទូរសព្ទភ្ញាក់ព្រើតតែម្ដង។
ចំណែកពូចក់ បានឡាយបកស្រាយ ដោយរៀបរាប់ស្រដៀងគ្នាថា រូបថតនេះ ជារូបថត ដែលថតកាលពីយប់មិញ ប៉ុន្តែរូបហ្នឹងសូម្បីតែខ្លួន និងអតីតភរិយា ក៏ហួសចិត្តដែរ។ បានន័យថា ការជួបគ្នានេះ កើតឡើងដោយការរៀបចំ ព្រោះនៅក្នុងការជួបគ្នានេះ គឺមានបងស្រីម្នាក់ ហៅទៅខួបកំណើតកូនស្រីរបស់គាត់។
អ្នកអត្ថាធិប្បាយបាល់ទាត់ដ៏ល្បីរូបនេះ បានបន្តថា ពេលខ្លួនទៅដល់កម្មវិធីនោះ ប្រហែល២០នាទី ស្រាប់តែឃើញអតីតភរិយាទៅដល់ទីនោះដែរ ដល់អញ្ចឹងខ្លួនស្រឡាំងកាំង ដោយអត់ដឹងថា គាត់ទៅចូលរួមកម្មវិធីនោះទេ ដល់សួរបងស្រីថា ហេតុអ្វីរឿងហ្នឹងទៅជាអញ្ចឹងទៅវិញ គាត់ថា គាត់ចង់សម្រុះសម្រួលគ្នា ចង់ឲ្យត្រូវគ្នាវិញ។
តាមរយៈរូបភាពនេះ Adminជីងចក់ បានលើកដៃសំពេះ សុំទោសដល់បងប្អូនមហាជន តែលោកថា មិនដូចអ្វី ដែលបងប្អូនគិតនោះទេ មិនមែនថា ប៉ុន្មានថ្ងៃនេះឈ្លោះគ្នាហែកហួរគ្នា ហេតុអ្វីបានមកត្រូវគ្នាវិញ ធ្វើឲ្យតាមដានដាច់ចង្កេះ តែចំពោះខ្លួននៅតែប្រកាន់ជំហរថា ពួកខ្លួនមិនត្រូវគ្នានោះទេ។
ជាមួយគ្នានេះ បុរសជាប់ឈ្មោះជាព្រាននារីរូបនេះ បានបញ្ជាក់ថា ដូចអ្វី ដែលអតីតភរិយាខ្លួននិយាយអញ្ចឹង គាត់ចែកផ្លូវជាមួយខ្លួន ហើយគាត់ចាត់ទុកខ្លួនជាសំរាម ដែល គាត់ត្រូវបោះចោល អញ្ចឹងវាអត់មានលក្ខខណ្ឌណា មានហេតុផលណា ត្រូវគាត់មកយកខ្លួនវិញទេ។
លោកបន្តថា ចំពោះរូបថតមួយសន្លឹកនេះ អាចបងប្អូននិយាយថា ចុះបើជួបហើយមិនក៏មិនដើរចេញ ហេតុអីពេលឃើញហើយចាំបាច់ទៅស្និទ្ធស្នាលថតធ្វើអី? បងស្រីម្ចាស់កម្មវិធីនេះ គាត់ថាដើម្បីបំពេញមុខកម្មវិធីរបស់គាត់ គាត់សុំថតតែ១សន្លឹកទេ តែខ្លួនក៏អត់ដឹងថា រូបភាពនេះ អ្នកណាជាអ្នកផុសចេញមកដែរ ហើយបើសិនជាខ្លួនដឹងថារូបថតហ្នឹង ត្រូវបានផុសចេញជាសាធារណៈនោះ ក៏ខ្លួនហាមអ្នកផុសនោះមិនឲ្យផុសចេញដែរ ព្រោះវាមានការយល់ច្រឡំ ថាពួកខ្លួនទាំង២នាក់ត្រូវរ៉ូវគ្នាហើយ។
បន្ថែមលើនេះ លោកបានបញ្ជាក់ច្បាស់ៗថា «មកទល់ពេលនេះម៉ោងនេះ សួរថាខ្ញុំឈឺចាប់ទេ សួរថាខ្ញុំខឹងទេ កូនប្រុសរងការប្រមាថប៉ុណ្ណឹងហើយ សួរថាខ្ញុំទទួលយកបានអត់? ខ្ញុំទទួលយកអត់បានទេ ហើយសូម្បីតែម្ដាយខ្ញុំ ក៏គាត់សួរទៀតថា កូន ឃើញរូបថតគេផុសព្រោងព្រាតកូនឯងត្រូវគ្នាវិញមែន ខ្ញុំថាអត់ទេម៉ែ ឥឡូវគាត់ឡើងមក គាត់ឈឺផង គាត់ឡើងមក គាត់ឡើងមកភ្នំពេញតាំងពីម្សិលមិញ ខ្ញុំថាអត់ទេ ហើយខ្ញុំក៏បានប្រាប់គាត់ថា ខ្ញុំទៅចូលរួមកម្មវិធីខួបកំណើតរបស់បងស្រីមួយ គាត់ហៅខ្ញុំទៅ ហើយបន្ទាប់មក គាត់ក៏ហៅខាងនោះមកដែរ ដើម្បីឲ្យពួកយើងជួបគ្នាដើម្បីធ្វើការចរចា ប៉ុន្តែដូចខ្ញុំនិយាយអញ្ចឹង ថាខ្ញុំអត់ទេ ហើយខ្ញុំក៏បានប្រាប់ម៉ែខ្ញុំអញ្ចឹងដែរ»។
Adminជីងចក់ បានអះអាងក្នុងនាមជាកូនប្រុសថា ខ្លួនអត់ចេះសម្ដែង អត់ចេះPrankទេ ហើយក៏មិនបាច់ទាមទារការចាប់អារម្មណ៍ពីបងប្អូនដែរ ព្រោះបងប្អូនស្គាល់ខ្លួនច្រើនស្រាប់ហើយ អញ្ចឹងខ្លួនមិនចាំបាច់អីធ្វើឲ្យBoomធ្វើឲ្យផ្ទុះ។
លោកថា បើសម្ដែង ឲ្យសម្ដែងយ៉ាងម៉េច សម្ដែងឲ្យប្រពន្ធហែកហួរ ឲ្យប្រពន្ធជាន់ឈ្លីកិត្តិយសខ្លួនឯងផង អ្នកមានគុណផង សួរថា អាហ្នឹងសម្ដែងមែន សួរថា ខ្លួនជាកូនប្រុសដើមទ្រូង៥ហត្ថយកអាហ្នឹងទៅសម្ដែងមែន។
ក្រោយមកនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ ស្រាប់តែAdminជីងចក់ បានបង្ហោះរូបថតរបស់ខ្លួន១សន្លឹក ហើយសរសេរCaptionថា «ស្នេហាធ្វើអោយខ្ញុំឈឺចាប់មែន! នឹកឃើញពេលណាចង់តែឡើងលើដើមកោងកាងច.ង….ក អោយងាប់បាត់ បាត់ទេអញ។ ក្រោយមក បានបញ្ជាក់ក្នុងខំមិនទៀតថា «និយាយអោយហើយវើយ ហាមឃាត់ពូ ពូចង់ច,ង,ក លេងតិច»។
តាមរយៈរូបថត និងសារដ៏ទាក់ទាញខាងលើនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍ចូលខំមិនជាច្រើន ហើយក្នុងចំណោមខំមិនទាំងនោះ មានគណនីហ្វេសប៊ុកមួយ បានទម្លាយសារឆ្លើយឆ្លងមួយ ដោយឃើញអាខោនមួយតាំងរូបAdminជីងចក់ បានបញ្ជាក់ប្រាប់គេតាមឆាតថា «Prank, Marketing Business»។ តែគេមិនដឹងថា នេះជាសារ ពិតប្រាកដរបស់Adminជីងចក់ ឬគ្រាន់តែអ្នកណាម្នាក់បង្កើតវាឡើងដើម្បីបង្កឲ្យមានការភាន់ច្រឡំ បន្ថែមនោះឡើយ។
ចំណែក ផេក «អាក្លូ» បានចេញសាច់រឿងមួយទៀតដាក់ចំណងជើងថា «ចក់មិនសម្ដែង» តាមការទទូចរបស់ពូចក់ ខណៈសាច់រឿងមុនដាក់ចំណងជើងថា «ចក់សម្ដែង»។ ទោះយ៉ាងណា ក្នុងសាច់រឿងកែថ្មីនេះ អាក្លូ និយាយថា មិនដឹងកែយ៉ាងម៉េច បើរឿងអញ្ចឹងមែន សង្ស័យថាឈ្លោះគ្នាតែពេលឡាយហ្វេសប៊ុកទេ ដល់ពេលឡាយចប់ដេកឱប សោ ធម្មតា យូរៗទៅលែងទុកចិត្តមនុស្សហើយ ព្រោះមនុស្សឥឡូវមិនដូចមនុស្សពីមុន។
ចំពោះសាច់រឿងកែថ្មី តែចំណងជើង ហើយសាច់រឿងខាងក្នុងនៅតែដាក់ការសង្ស័យថា ពួកគេត្រូវរ៉ូវគ្នាដដែលនេះ ត្រូវបានAdminជីងចក់ចែករំលែកចូលគណនីហ្វេសប៊ុករបស់ខ្លួនផងដែរ ដោយដាក់Captionថា «ជឿនៅ អាក្លូ អាកុច?»។
នៅមិនទាន់អស់ទេ ពេលអ្នកនាង ផល្លា កំពុងឡាយលក់ផលិតផលនោះ Adminជីងចក់ថែមទាំងចូលទៅខំមិនពាក្យផ្អែមល្ហែមថា «ស្រឡាញ់ចែពេញបេះដូង»ទៀតផង ធ្វើឲ្យគ្រប់គ្នាឃើញហើយស្រឡាំងកាំងមិនស្ទើរទេ។ តើនេះជាការសម្ដែងមែន ឬយ៉ាងណា មានតែរង់ចាំទស្សនាភាគបន្តទាំងអស់គ្នា៕