ប្រិយមិត្តមួយចំនួនធំ បានជ្រាបរួចមកហើយថា ក្រោយពីផ្ដាច់ចំណងជាប្ដីប្រពន្ធជាផ្លូវការជាមួយគ្នាកាលពីអំឡុងខែធ្នូ ឆ្នាំ២០២០នោះ, លោក ឌួង ឆាយ និងអ្នកនាង ដេត ម៉ាលីណា បានបន្សល់ទុកកូនប្រុសស្រី៣នាក់ជាដំណក់ឈាមរួមគ្នា។
កូនប្រុសស្រីទាំង៣នាក់នេះ បច្ចុប្បន្ន កំពុងរស់នៅជាមួយអ្នកនាង ដេត ម៉ាលីណា ដោយកូនទី ១.ឈ្មោះ ឌួង គីមវិសាល ហៅឌូប មានបញ្ហាភ្នែកមិនទាន់មើលឃើញច្បាស់នៅឡើយ, កូនប្រុសទី២ឈ្មោះ ឌួង ម៉ាណាវីត និងកូនស្រីពៅ ឈ្មោះ ឌួង រាជនីគុជ ហៅ អូនភើល។
ទោះជាមិនបាននៅជាមួយកូនរាល់ថ្ងៃដូចពេលមុនៗក៏ពិតមែន តែរៀលរាល់ថ្ងៃសៅរ៍ អាទិត្យ លោក ឌួង ឆាយ តែងតែនាំកូនៗរបស់លោកមកផ្ទះ ដើរលេងកម្សាន្ត ផ្ដល់ភាពកក់ក្ដៅ និងដើម្បីបំពេញតួនាទីជាឪពុកដ៏ល្អ។
ក្នុងការនាំកូនៗដើរលេងចំទិវារំឭកគុណអ្នកម្ដាយ នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២នេះ ស្រាប់តែកូនប្រុសទី២របស់លោកលាន់មាត់សរសើររូបលោក ជាឪពុកចំពោះរឿងមួយនេះ ធ្វើលោកឲ្យសប្បាយចិត្តខ្លាំងណាស់។
បង្ហោះរូបថតជាមួយកូនប្រុសទី២ ចំនួន១សន្លឹក លោកឌួង ឆាយ បង្ហាញអារម្មណ៍ដូច្នេះថា «ថ្ងៃនេះខ្ញុំសប្បាយចិត្តបំផុតពេលកូនប្រុសបានឱបថើបខ្ញុំរួចនិយាយថាកូនស្រលាញ់លោកប៉ាណាស់។ កូនមិនដែលឃើញលោកប៉ាផឹ,កស្រាទៀតទេ។ ឌួង ឆាយ»។
ពាក់ព័ន្ធនឹងរឿងផឹ,កស្រានេះ កន្លងមកលោកឌួង ឆាយ ធ្លាប់បង្ហាញពីការស្ដាយក្រោយក្នុងការបើកក្លឹបកន្លងមក ព្រោះ វាបានធ្វើអោយមនុស្សជុំវិញខ្លួនលោកខូចទម្លាប់ក្លាយទៅជាអ្នកប្រមឹកស្រាគ្រឿង ស្រ,វឹងសុ,រាមេរយ។
ទោះយ៉ាងណា ពេលនេះខ្លួនលោកផ្ទាល់ទំនងជាកាត់បន្ថយបានច្រើនចំពោះការផឹកសុ,រា ឬមិនផឹកតែម្ដង រហូតកូនរបស់លោកមើលឃើញថា លោកមិនដែលផឹកទៀតនោះទេ ក៏ថើបលោកហើយនិយាយសរសើរទៀតផង ធ្វើឲ្យរូបលោកសប្បាយរីករាយជាពន់ពេក។
គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ លោក ឌួង ឆាយ បានធ្វើការឡាយវីដេអូ ប្រកាសពីការបញ្ចប់មុខជំនួញSound Clubរបស់ខ្លួន ដោយសារតែកត្តាមួយចំនួន ជាហេតុធ្វើឲ្យបុគ្គលិករបស់លោកជាង២០០នាក់ ត្រូវបាត់បង់ការងារ។
នៅក្នុងការLiveវីដេអូរយៈពេលជិត៤០នាទី បញ្ជាក់ពីការបិទSound Club នោះ លោក ឌួង ឆាយ បានរៀបរាប់ថា Sound Clu b មិនមែនជាជំនាញរបស់លោក មិនមែនជាបទពិសោធន៍របស់លោកនោះដែរ ហើយក៏មិនមែនជាក្ដីប៉ងប្រាថ្នារបស់លោក ក្នុងការបង្កើតមុខជំនួញនេះនោះទេ។
ចំពោះមូលហេតុចម្បង ដែលឈានដល់ការបិទSound Club នេះ ត្រូវបាន លោក ឌួង ឆាយ បញ្ជាក់នៅពេលនោះថា ទីមួយ មកពីបញ្ហាជំងឺកូវីដ១៩ និងទីពីរ គឺម្ចាស់ដីមិនព្រមចូលរួមសហការក្នុងការបញ្ចុះតម្លៃជាដើមនោះ។
ជាមួយគ្នានេះ លោកឌួង ឆាយ ក៏បានសម្ដែងនូវអារម្មណ៍សោកស្ដាយជាខ្លាំងចំពោះការប្រកាសរំសាយបុគ្គលិកប្រមាណជា ២០០នាក់ ដែលបង្កឲ្យបាត់បង់ការងារ ក៏ដូចជាបាត់បង់ប្រាក់ចំណូល ខណៈពួកគេបានចូលរួមចំណែកជួយដល់ក្លឹបកម្សាន្តមួយនេះឲ្យទទួលបាននូវការគាំទ្រខ្លាំងពីមហាជនជាច្រើន គិតចាប់ពីថ្ងៃបើកសម្ពោធជាផ្លូវរហូតមកដល់ពេលបិទនោះ មានរយៈជិត៣ឆ្នាំ.
ក្រោយមក អំឡុងខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ លោក ឌួង ឆាយ បានបង្ហោះសារសម្ដែងការសោកស្ដាយចំពោះការបើកក្លឹបដូច្នេះថា «ចែករំលែកបទពិសោធន៍ទៅកាន់ពូមីងបងប្អូនទាំងអស់គ្នា វិប្បដិសារី និងការស្តាយក្រោយដ៏ខ្លាំងបំផុតរបស់ខ្ញុំក្នុងការបើកសោនក្លឹប SOUND CLUB គឺបានធ្វើអោយមនុស្សជុំវិញខ្លួនរបស់ខ្ញុំខូចទម្លាប់ក្លាយទៅជាអ្នកប្រមឹកស្រាគ្រឿង ស្រវឹងសុរាមេរយ»៕