គេនៅចាំបានថា ម្ចាស់ មេដាយមាស កីឡាអាស៊ី លោកជំទាវ ស៊ន សៀវម៉ី បានភ្ជាប់ពាក្យ ជាមួយលោក កែវ ដេវីត កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ ក្រោមការ ចូលរួមពីចាស់ទុំ សងខាង និងមិត្តភក្ដិ ជាច្រើនផងដែរ។
ក្រោយភ្ជាប់ពាក្យរួច នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ស្របពេលស្ថានភាពកូ វី ដ១ ៩ កំពុងតានតឹង លោកជំទាវ ស៊ន សៀវម៉ី បានសម្រេចសែនព្រែនបន្តិចបន្តួចជាមួយគូដណ្ដឹង ដោយមានការអញ្ជើញត្រឹមតែមិត្តភក្ដិ បងប្អូនជិតស្និទ្ធ ប៉ុន្មាននាក់ មកចូលរួមពិធីប៉ុណ្ណោះ។
បន្ទាប់ពីសម្រេចសែនព្រេន មិនបានប៉ុន្មានខែផង លោកជំទាវ ស៊ន សៀវម៉ី ក៏ទទួលបានចំណងដៃ កូនក្នុងផ្ទៃម្នាក់ ដោយកូនស្រីរបស់លោកជំទាវ មានឈ្មោះ ដេវិដ ចេស៊ី – Devid Jessi កើតនៅថ្ងៃសុក្រ ទី០៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៩យប់។
មុនពេលមានគ្រួសារ ម្ចាស់ មេដាយមាស កីឡាអាស៊ីរូបនេះ ធ្លាប់បានយកមេដាយ ជូនជាតិមាតុភូមិជាច្រើន តែស៊ីហ្គេមឆ្នាំនេះ ដោយសារតែលោកជំទាវ មានភារកិច្ចមើលថែរក្សាកូន ពុំបានចូលរួមប្រកួតនោះឡើយ ធ្វើឲ្យអ្នកគាំទ្រ មានការសោកស្ដាយខ្លាំងណាស់។
ជាក់ស្ដែង នៅថ្ងៃទី៨ ខែឧសភានេះ គណនីហ្វេសប៊ុកមួយឈ្មោះ «Sokvisal Nhan» បានលើកឡើងថា «ម្ចាស់មេដាយមាស ស៊ីហ្គេម ៣ ជំនាន់ gold medal ភូមា ២០១៣ ម៉ាឡេស៊ី២០១៧ ហ្វីលីពីន២០១៩ បើកុំតែមានភារកិច្ចមើលថែកូនស្រី កុំអីមកយកមាសមួយទៀតនៅ ហាណូយបាត់។ we miss you my here golden girl Mey Mey»។
ឆ្លើយតបទៅនឹងទឹកចិត្តនឹករំលឹកខ្លួនពីសំណាក់គណនីហ្វេសប៊ុកខាងលើ, លោកជំទាវ ស៊ន សៀវម៉ី បានបង្ហាញបំណងរបស់ខ្លួននៅឆ្នាំក្រោយថា «មនុស្សម្នាក់ ដែលមិនដែលភ្លេចខ្ញុំ មិនថាពេលនៅជាអ្នកកីទ្បា ឬឈប់ហើយក៏ដោយ បើមានឱកាសខ្ញុំឆ្នាំក្រោយនឹងយកមេដាយជូនជាតិជាលើកចុងក្រោយ»។
គួរបញ្ជាក់ថា ស៊ីហ្គេមលើកទី៣១ នឹងប្រព្រឹត្តទៅជាផ្លូវការចាប់ពីថ្ងៃទី១២-២៣ ឧសភា ដោយវៀតណាមធ្វើជាម្ចាស់ផ្ទះកំណត់ ៤០ប្រភេទកីឡាក្នុងកម្មវិធី ខណៈកម្ពុជានឹងបញ្ជូនប្រតិភូ និងអត្តពលិកចំនួន៥៦០នាក់ ក្នុង៣៣ប្រភេទកីឡា៕