និយាយដល់ឈ្មោះ កញ្ញា មាស នីតា ប្រិយមិត្តច្បាស់ជានឹកឃើញភ្លាម ដល់បទ «ផ្លូវណាទៅផ្ទះម៉ែក្មេក» ដោយហេតុថា ដំបូងឡើយបទនេះ មិនទាន់មានភាពល្បីល្បាញខ្លាំងនោះទេ ដល់ពេលនាងយកទៅCover ស្រាប់តែផ្ទុះការគាំទ្រ រហូតគេស្មានតែនាងជាម្ចាស់បទទៀតផង។
ដោយសារតែការយល់ច្រឡំមួយចំនួនពីសំណាក់អ្នកគាំទ្រ និងម្ចាស់Concertមួយចំនួននោះ កាលពីពេលថ្មីៗកន្លងទៅនេះ ផលិតកម្ម អេចប៊ី បានសម្រេចឲ្យម្ចាស់បទ Cover បទ «ផ្លូវណាទៅផ្ទះម៉ែក្មេក» ដែលជាបទដើមរបស់កញ្ញា ថាន់ នឿថង លុបចេញពី Chanel You Tubeរបស់ខ្លួនទៀតផង។
ទោះយ៉ាងណា ការលុបនេះ មិនបានធ្វើឲ្យប្រជាប្រិយភាពរបស់កញ្ញា មាស នីតា ធ្លាក់ចុះនោះឡើយ ហើយនៅយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២នេះ នាងថែមទាំងបានបង្ហាញវត្តមានក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodian Idolទៀតផង។
នៅក្នុងការចូលរួមប្រឡងចម្រៀងនេះ បេក្ខនារី ពៅ ស្រីមាស ដែលគេស្គាល់ថា ជា កញ្ញា មាស នីតា បានលើកយកបទ «ខ្លាចឃ្លាត» មកច្រៀងយ៉ាងពីរោះរណ្ដំ ធ្វើឲ្យគណៈកម្មការ ទប់ចិត្តមិនជាប់នោះឡើយ សូម្បីតែលោកឆន សុវណ្ណរាជ ជាតារាចម្រៀងដ៏ល្បី ក៏ក្លាយជាអ្នកគាំទ្ររបស់អ្នកCoverបទ«ផ្លូវណាទៅផ្ទះម៉ែក្មេក» ដ៏ល្បីនេះផងដែរ។
ដោយភាពពេញចិត្តនឹងទឹកដមសំឡេងរបស់កញ្ញា មាស នីតា ក្រោយលើកសរសើរមិនដាច់ពីមាត់រួច គណៈកម្មការទាំង៤បានសម្រេចឲ្យបេក្ខនារីរូបនេះ ឈានទៅវគ្គបន្តទៀត ជាមួយនឹងសំឡេងអបអរសាទរយ៉ាងកងរំពងពីទស្សនិកជន៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនាវីដេអូ ខាងក្រោម ៖