កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodian Idolរដូវកាលទី៤ នាយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ បេក្ខជន បេក្ខនារីចូលរួមប្រឡងសុទ្ធតែមានទឹកដមសំឡេងល្អ ក្នុងនោះក៏មានអ្នកល្បីស្រាប់ និងកូនតារាកំប្លែងដ៏ល្បី ចូលរួមទៀតផង។
ជាក់ស្ដែងក្នុងកម្មវិធីនេះ គេសង្កេតឃើញ វត្តមាន កញ្ញា មាស នីតា អ្នកCover បទ «ផ្លូវណាទៅផ្ទះម៉ែក្មេក», តារាចម្រៀងល្បីឈ្មោះស្រាប់នៅផលិតកម្មហង្សមាស កញ្ញា ឈីន រតនៈ រួមជាមួយនឹងកញ្ញា ជី ស្រីណែត កូនស្រីនាយកុយផងដែរ។
ងាកមកចាប់អារម្មណ៍លើ កូនស្រីនាយកុយ កញ្ញា ជី ស្រីណែត បានចូលរួមប្រឡង ដោយលើកយកបទមរតកដើម «នឹកភូមិភ្នំធំ» ដើម្បីបង្ហាញសមត្ថភាព។ មុននឹងបង្ហាញសមត្ថភាពនេះ នាងបាននិយាយពីជីវប្រវត្តិរបស់ខ្លួនថា ត្រូវជាកូនស្រីរបស់ លោកជួង ជី ហៅ នាយកុយ ធ្វើឲ្យគណៈកម្មការភ្ញាក់ព្រើតតែម្ដង។
នៅមុនបង្ហាញខ្លួនមុខគណៈកម្មការនេះ បេក្ខនារីមកពីក្រុងតាខ្មៅ ខេត្តកណ្ដាល ស្ថិតក្នុងវ័យ២១ឆ្នាំរូបនេះ បញ្ជាក់ថា មូលហេតុ ដែលខ្លួនដាក់ពាក្យមកប្រឡងនេះ ដោយសារតែខ្លួនស្រឡាញ់វិស័យសិល្បៈ ហើយចង់ក្លាយជាអ្នកសិល្បៈដូចប៉ាដែរ។
ជាមួយគ្នានេះ ស្រីណែត បានបញ្ជាក់ថា ក្នុងការមកចូលរួមការប្រឡងកម្រិតពិភពលោកមួយនេះ ខ្លួន មិនប្រាប់ឪពុកឲ្យដឹងនោះទេ ដឹងតែម៉ាក់ប៉ុណ្ណោះ ព្រោះចង់ឲ្យប៉ាភ្ញាក់ផ្អើល។ ស្រីណែត បន្តទៀតថា ប៉ាខ្លួនមិនដឹងខ្លួនចេះច្រៀងនោះទេ ដឹងត្រឹមខ្លួនជាអ្នកលក់អនឡាញ ពូកែរកស៊ី ហើយបើជាប់ទៅវគ្គបន្តបន្ទាប់ទៀត ខ្លួននឹងអញ្ជើញប៉ាឲ្យមកលើកទឹកចិត្ត។
ក្រោយច្រៀងចប់ ទីបំផុត កញ្ញា ជី ស្រីណែត អាចឈានទៅវគ្គបន្តទៀត ជាមួយនឹងលទ្ធផល ទទួលបាន«យេស»ចំនួន៣ ក្នុងចំណោមគណៈកម្មការ៤រូប៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ ទាំងអស់គ្នា ៖