ប្រិយមិត្ត បានជ្រាបរួចមកហើយថា កន្លងមក ផេនខេក ធ្លាប់ទម្លាយរឿងខ្លួនជំពាក់បំណុលគេ តែមិនដឹងចំនួនប៉ុន្មាននោះទេ ហើយស្របពេលកំពុងជាប់បំណុលគេ តារាល្បីឈ្មោះរូបនេះ ក៏បានដឹកដៃគូស្នេហ៍ ដែលជាបុរសរូបសង្ហា វីឆៃ ចូលរោងការ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ កន្លងទៅនេះ។
ក្រោយរៀបការបានប្រមាណជាង១ខែ ពោល នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២នេះ ស្រាប់តែមហាជន ពិសេសអ្នកគាំទ្រ មានការភ្ញាក់ផ្អើល ពេលទទួលដំណឹងថា ចំណងស្នេហ៍របស់ ផេនខេក ជាមួយនឹងលោកវីឆៃ ដល់ផ្លូវបំបែក ដោយពេលនោះ តារាល្បីរូបនេះ បានប្រកាសក្ដែងៗថា មិនមែនជាការសម្ដែងនោះឡើយ។
ដោយឡែក ថ្មីៗនេះ ស្រាប់តែម្ចាស់បំណុលជាច្រើនទម្លាយរឿងផេនខេក ជាប់បំណុលពួកគេ រហូតពិធីការិនីរូបនេះ ដាច់ចិត្តប្រកាសប្រាប់មហាជនថា ខ្លួនជំពាក់បំណុលគេរហូតដល់ទៅ១៥ម៉ឺនដុល្លារឯណោះ។
ស្របពេលកំពុងមានទុក្ខនេះ គេក៏ឃើញមានការជួយពីបុគ្គលល្បីមួយចំនួនផងដែរ តែអ្វី ដែលកាន់តែពិសេស និងភ្ញាក់ផ្អើលនោះ ត្រង់ថា អ្នកស្រី ទ្រី ដាណា ថៅកែហាងពេជ្រចិត្តធម៌ ចេញមុខជួយ តាមរយៈការផ្ដល់ការងារឲ្យធ្វើ ជាហេតុធ្វើឲ្យផេនខេក រំភើបមិនស្ទើរនោះទេ។
ជាក់ស្ដែង នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ ផេនខេក បានបង្ហោះរូបថត អមដោយសារបញ្ជាក់ថា «អរគុណបងស្រីទ្រី ដាណា ដែលផ្តល់ឱកាសការងារជូនប្អូន ឲ្យប្អូនបានការងារដើម្បីយកទៅដោះបំណុលគេ
ហើយក៏អរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នា ដែលគាត់តែងតែអាណិតស្រឡាញ់ ហើយផ្ដល់ជាការងារ ចឹងអី ដែលខ្ញុំចង់បានគឺចង់ឲ្យបងប្អូនជួយlike និងស៊េររូបខ្ញុំ ដើម្បីឲ្យខ្ញុំបានការងារធ្វើបន្តទៀត ដើម្បីឲ្យខ្ញុំឆាប់រួចបំណុលគេ អរគុណសម្រាប់ការស្រឡាញ់ និងចូលចិត្តរបស់បងប្អូនទាំងអស់គ្នាមកកាន់នាងខ្ញុំ ( នេះជាតួនាទីការងាររបស់ខ្ញុំ) »៕