ក្រោយពីឃើញសកម្មភាពស្រីៗមួយចំនួន បានបេះផ្កាបំពង់ក្រឡោមនោះ, ក្រសួងបរិស្ថាន នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន បានធ្វើការហាមឃាត់មិនឲ្យមានការបេះផ្កានេះតទៅទៀតឡើយ។
បង្ហោះភ្ជាប់ជាមួយរូបថតស្រីៗបេះផ្កាខាងលើនេះ ក្រសួង បានបញ្ជាក់ដូច្នេះ ៖ «ឱ! ផ្កាបំពង់ក្រឡោម អ្វីដែលពួកគាត់កំពុងធ្វើនេះ គឺខុសហើយ និងសូមកុំប្រព្រឹត្តដូច្នេះទៀតនៅថ្ងៃក្រោយ! សូមអរគុណចំពោះការស្រឡាញ់ធនធានធម្មជាតិ ប៉ុន្តែកុំបេះដូច្នេះ វាទៅជាបំផ្លាញវិញទេ!»។
គួរបញ្ជាក់ថា ផ្កាបំពង់ក្រឡោមជាប្រភេទផ្កា ដែលមានវត្តមាននៅតំបន់ភ្នំពពកវិល វាលស្រែ ៥០០ វាលស្រែ ១០០ នៃឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» នៅតាមតំបន់ភ្នំនៃភាគនិរតីប្រទេសកម្ពុជា ដូចជានៅតាមតំបន់ជួរភ្នំក្រវាញជាដើម ដែនជម្រកសត្វព្រៃភ្នំសំកុស និងនៅតាមតំបន់ជួរភ្នំក្រវាញ មានដុះនៅខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ និងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គិរីរម្យ» នៃខេត្តកំពង់ស្ពឺ។
បច្ចុប្បន្នភាពទាក់ទាញរបស់ផ្កាបំពង់ក្រឡោម បានទាក់ចិត្តភ្ញៀវទេសចរបែបធម្មជាតិមួយចំនួនធំឱ្យទៅទស្សនានិងថតរូប។ ប៉ុន្តែដោយភាពស្រស់ស្អាតទាក់ទាញរបស់វា ផ្កាប្រភេទនេះ កំពុងរងគំរាមកំហែងពីទេសចរមួយចំនួនទៅវិញ ដោយពួកគេមិនបានគោរព វិធានអនាម័យបរិស្ថាន ហើយពេលខ្លះអ្នកទេសចរបានបេះផ្កាដើម្បីថតរូបបង្ហាញពីសេចក្តីស្រឡាញ់របស់ពួកគេ។
ក្រសួងបរិស្ថាន ធ្លាប់បានបញ្ជាក់ថា យោងតាមការសិក្សារបស់អ្នកជំនាញ ផ្កាបំពង់ក្រឡោម, បំពង់ស្រមោច ឬអ្នកខ្លះហៅថា «ផ្កាបំពង់លុក» ឬ «ផ្កាក្រឡូមពារ» ភាសាបច្ចេកទេស Pitcher plants (Nepenthes) គឺជាពួករុក្ខជាតិស៊ីសាច់ ដែលគេបានដឹងតិចតួចណាស់នៅកម្ពុជា។ គេហៅវាថាជារុក្ខជាតិស៊ីសាច់ព្រោះវាអាចចាប់ សម្លាប់ និងរំលាយសត្វដែលចូលទៅក្នុងទម្រង់ស្លឹកពិសេសរបស់វា។
រុក្ខជាតិនេះមានដុះនៅតាមតំបន់ការពារធម្មជាតិនានា នៅកម្ពុជាហើយទីតាំងដែលមានឈ្មោះល្បីគឺដូចជានៅ លើឧទ្យានជាតិព្រះមុនីវង្សបូកគោ នៅតំបន់ខ្នងផ្សារ ក្នុងឧទ្យានជាតិជួរក្រវ៉ាញកណ្តាលជាដើម។ ផ្កាបំពង់ក្រឡោមជា ប្រភេទរុក្ខជាតិម្យ៉ាងមានរាងដូចបំពង់ ហើយផ្ទុកសារធាតុ ម្យ៉ាងដែលអាចទាក់ទាញសត្វល្អិតឱ្យធ្លាក់ចូលទៅក្នុងបំពង់របស់វា ហើយក៏លង់ទឹកក្នុងបំពង់នោះរហូតដល់ស្លាប់។ នៅពេលសត្វល្អិតងាប់ហើយនោះ សរីរាង្គពិសេសរបស់វាក៏ចាប់ផ្ដើមបំបែករំលាយសាកសពសត្វល្អិតទៅជាសារធាតុចិញ្ចឹម ធ្វើឱ្យរុក្ខជាតិប្រភេទនេះលូតលាស់បានល្អ។
នៅលើពិភពលោក ផ្កាបំពង់ក្រឡោមនេះមានដល់ទៅ ១២៩ ប្រភេទក្នុងនោះមានប្រាំប្រភេទបាននិងកំពុងដុះលូតលាស់នៅប្រទេសកម្ពុជាដែលរួមមាន៖ ទី១៖ Nepenthes bokorensis ជាប្រភេទដែលមានវត្តមាននៅតំបន់ភ្នំពពកវិល វាលស្រែ៥០០ វាលស្រែ១០០ នៃឧទ្យានជាតិព្រះមុនីវង្ស «បូកគោ»។ ទី២៖ Nepenthes holdenii មានដុះនៅតាមតំបន់ភ្នំនៃភាគនិរតីប្រទេសកម្ពុជា ដូចជានៅតាមតំបន់ជួរភ្នំក្រវាញជាដើម។
ទី៣៖ Nepenthes kampotiana Lecomte មានដុះនៅក្នុងខេត្តកំពត ដែនជម្រកសត្វព្រៃភ្នំសំកុស និងនៅតាមតំបន់ជួរភ្នំក្រវាញ។ ទី៤៖ Nepenthes mirabilis (Loureiro) Druce មានដុះនៅខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ។ ទី៥៖ Nepenthes smilesii Hemsley មាននៅដុះខេត្តកំពត និងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គិរីរម្យ» នៃខេត្តកំពង់ស្ពឺ។
បើតាមឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា រាល់រុក្ខជាតិបំពង់ក្រឡោមទាំងអស់នេះ ត្រូវបានដាក់ក្នុងឧបសម្ព័ន្ធទី២ (Appendix II) នៃអនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ និងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះ (CITES) ដោយមិនអនុញ្ញាតឱ្យមានការជួញដូរ នោះឡើយ៕