គេនៅចាំបានថា កំពូលតារាចម្រៀងឱក សុគន្ធកញ្ញា បានចូលរោងការជាមួយលោក អ៊ឹង សុខលី ប្អូនប្រុសថៅកែទូរទស្សន៍ហង្សមាស កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ហើយក្រោយរៀបការពួកគេក៏ទទួលបានកូនប្រុសម្នាក់ជាចំណងដៃនៃសេចក្ដីស្នេហា។
កូនប្រុសរបស់ពួកគេ ឈ្មោះ អ៊ឹង បញ្ញាបុត្រ ហៅឆលី កើតនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមានមុខមាត់គួរឲ្យស្រឡាញ់ កាត់ទៅរកឪពុកម្ដាយគ្មានខុសទេ ថ្ពាល់ខួចទាំងសងខាងទៀតផង មើលទៅគួរឲ្យក្នាញ់ខ្លាំងណាស់។
បច្ចុប្បន្ន ឱក សុគន្ធកញ្ញា កាន់តែជោគជ័យខ្លាំងលើមុខជំនួញ និងការងារក្នុងអាជីពជាតារាចម្រៀង។ ទោះមមាញឹកយ៉ាងណា តារាចម្រៀងធ្លាប់មានប្រវត្តិដ៏កម្សត់រូបនេះ នៅតែអាចឆ្លៀតពេល នាំគ្រួសារទៅសាកថ្មឲ្យជីវិតរបស់ខ្លួននៅក្រៅប្រទេស។
ជាក់ស្ដែង នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២នេះ គណៈកម្មការក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodian Idol រូបនេះ បានប្រើជីវិតហាយសូបែបថ្លៃថ្នូររបស់ខ្លួននៅប្រទេសឌូបៃ ជាមួយនឹងការបង្ហោះរូបថតដ៏ស្រស់ស្អាតនៅទីនោះ ហើយប្រាប់ថា «សួស្តីពី Dubai សុខសប្បាយ Cambodia, See you next photo… hahaha»។
តាមរយៈនេះ អ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង ហើយបញ្ចេញមតិព្រោងព្រាត ក្នុងនោះ មានការលើកឡើងថា «ចាយជីវិតហាយសូបែបថ្លៃថ្នូរ ស៊ីវីល័យ មិនរំខានអ្នកណាជាក្ដីសុខពិតដែល queen always carry on., ស្ងាត់ៗដល់ឌូបៃបាត់idol, ស្អាតខ្លាំងណាស់»៕