ប្រិយមិត្ត ប្រាកដជា បានដឹងខ្លះហើយពីខ្សែជីវិតរបស់ តារាកំប្លែងប្រចាំស្ថានីយទូរទស្សន៍ CTNអ្នកនាង សេន ចិន្តា ហៅ ស្រីអ៊ីត ដោយនាង បានសម្រេចលែងលះដាច់ស្រេចជាមួយអតីតស្វាមីជាគ្រូបង្រៀន បន្សល់ទុកកូនស្រីម្នាក់ក្នុងបន្ទុកនោះ។
ក្រោយពីលែងលះជាមួយស្វាមី និងអោបក្រសោបយកកូនស្រីបណ្ដូលចិត្តមកចិញ្ចឹមបីបាច់ថែទាំយ៉ាងយកចិត្តដាក់តែម្នាក់ឯងអស់រយៈពេលជាច្រើនឆ្នាំនោះ, ពេលនេះ កូនស្រីបណ្ដូលចិត្តរបស់ ស្រីអ៊ីត ឈ្មោះថា ង៉ា ស្រីណាន កំពុងទទួលការទំនុកបម្រុង និងត្រួសត្រាយផ្លូវបានយ៉ាងល្អប្រសើរពីសំណាក់អ្នកម្ដាយជាទីស្រឡាញ់លើវិថីសិល្បៈ។
ង៉ា ស្រីណាន ពេលស្ថិតក្នុងអាយុប្រមាណ១៥ឆ្នាំ នាងក៏បានចូលប្រឡងចម្រៀងបញ្ចេញសមត្ថភាពនៅក្នុងកម្មវិធី Xfactor Cambodia កាលពីកំឡុងឆ្នាំ២០១៩ថែមទៀតផង ហើយកាលនោះនាងតូចរូបនេះ ក៏ទទួលបានប្រជាប្រិយភាពពីសំណាក់មហាជនអ្នកគាំទ្រច្រើនសន្ធឹកសន្ធាប់ផងដែរ ដោយសារតែនាងមានទឹកដមសំឡេងពីរោះក្រអួនក្រអៅបំពេអារម្មណ៍អ្នកស្ដាប់នោះ។
ដោយឡែក បើគិតមកទល់បច្ចុប្បន្ន ង៉ា ស្រីណាន មានអាយុ១៨ឆ្នាំ កំពុងពេញវ័យលូតលាស់ពេញរូបពេញរាងស្រស់ស្អាតមិនចាញ់អ្នកម្ដាយឡើយ ពោលគឺរូបសម្រស់ស្អាតប្លែកជាងពីក្មេងសឹងតែ ៣៦០ដឺក្រេ មានសម្បុរសថ្លា ទម្រង់មុខគួរឱ្យស្រឡាញ់ ជាពិសេសមានរូបរាងស្រឡូនស្អាតដូចទាក់ទាញដូចតារាម៉ូដែល តុបតែងខ្លួនស៊ីវិល័យស្រស់ស្អាតខ្លាំង អន្ទងចិត្តកំលោះៗឱ្យលង់ស្នេហ៍មិនតិចនោះឡើយ។
បើនិយាយពីការងារសិល្បៈវិញ មិនថាសម្ដែង ឬច្រៀងឡើយ ស្រីស្អាតមានរូបឆោមស្រស់បែបធម្មជាតិ ង៉ា ស្រីណាន តែងតែធ្វើបានយ៉ាងល្អ ហើយរមែងទទួលបានការគាំទ្រ និងកោតសរសើរមិនដាច់ពីមហាជន ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពរបស់នាងល្បីសុំសាយមិនចាញ់ម្ដាយនោះឡើយ។
កាលពីពេលថ្មីៗនេះ ស្រីអ៊ីត និងកូនស្រី បានផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មានតារាញូស៍ ក្នុងនោះស្រីអ៊ីត បានបញ្ជាក់ថា ខ្លួនមានបងប្អូន៣នាក់ ទី១ ម៉ាក់របស់ចឺម ទី២ នាយក្រូច និងទី៣ រូបអ្នកនាងផ្ទាល់ ពៅគេ។ តែអ្នកសិល្បៈ មានតែនាយក្រូច និងអ្នកនាងប៉ុណ្ណោះ ហើយខាងបងស្រីអ្នកនាង មានចឺម សិល្បៈ ហើយឥឡូវអ្នកនាង មានកូនស្រីម្នាក់ មានដុងតពីអ្នកនាង។
ឆ្លើយទៅនឹងសំណួរថាតើនៅថ្ងៃអនាគតចង់ឲ្យកូនស្រីក្លាយជាតារាល្បីមួយរូបឬយ៉ាងណានោះ ស្រីអ៊ីត បញ្ជាក់ថា ចង់ឲ្យកូនក្លាយជាតារាចម្រៀងម្នាក់ ដែលឆ្នើម ដែលពុកម៉ែបងប្អូនស្រឡាញ់ និងគាំទ្រ ដូចអ្នកនាងដែរ។ ស្រីអ៊ីតថា អ្នកនាង អត់ជំនាញបានខាងច្រៀងរាំប៉ុន្មានទេ តែកូនជំនាញខាងច្រៀង រាំ។
ង៉ា ស្រីណាន កូនរបស់ស្រីអ៊ីត បានបញ្ជាក់ដែរថា រវាងច្រៀងនិងសម្ដែង ខ្លួនស្រឡាញ់ទាំងអស់ គ្រាន់តែថា ស្រឡាញ់ខាងច្រៀងខ្លាំងជាង។ បន្ថែមលើនេះ ស្រីណា បានបញ្ជាក់ទៀតថា ខ្លួនស្រឡាញ់ខាងសិល្បៈហ្នឹង គឺចាប់ខាងសិល្បៈឲ្យជាប់តែម្ដង ហើយឥឡូវនេះខ្លួនកំពុងតែរៀន៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖