កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodian Idol រដូវកាលទី៤ វគ្គ Judge Audition បានឈានដល់សប្ដាហ៍ទី២ហើយនាយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ជាមួយនឹងបេក្ខជន បេក្ខនារីមានសមត្ថភាពជាច្រើននាក់។
ក្នុងចំណោមបេក្ខជន បេក្ខនារីមានសមត្ថភាពជាច្រើននោះ យើងសូមលើកយកយុវជនម្នាក់ឈ្មោះ ផាន គីមសុង អាយុ២៨ឆ្នាំ ជាបេក្ខជនមកពីខេត្តកំពង់ធំមកនិយាយ ដោយសារតែរូបគេមានសមត្ថភាពប្លែកពីបេក្ខជន បេក្ខនារីដទៃ។
នៅក្នុងកម្មវិធីនេះ ផាន គីមសុង បានលើកយកបទចម្រៀង មួយបទមានចំណងជើងថា «កាត់ចិត្ត» ជាសំនៀងដើមរបស់លោកប៊ុន សក្ដិ យកមកបកស្រាយ បានយ៉ាងពីរោះ។ ពេលច្រៀងចប់ លោកឆន សុវណ្ណរាជ ទើបតែបញ្ចេញយោបល់ថា ហាក់កំពុងតែស្ដាប់លោក ប៊ុន សក្ដិច្រៀង ស្រាប់តែបេក្ខជនរូបនេះ និយាយកាត់ ដើម្បីបង្ហាញសមត្ថភាពរបស់ខ្លួនបន្ថែមនោះ។
ក្នុងការបង្ហាញនេះ ផាន គីមសុង បានច្រៀងធ្វើត្រាប់សំឡេងតាមតារាចម្រៀងរហូតដល់ទៅ៣រូប មានលោក ព្រាប សុវត្ថិ, លោក ណយ វ៉ាន់ណេត និងលោកឆន សុវណ្ណរាជ ដែលជាគណៈកម្មការតែម្ដង។ ក្នុងចំណោមក្នុងការធ្វើត្រាប់នេះ រូបគេ សុទ្ធតែធ្វើបានល្អទាំងអស់ តែអ្វី ដែលស្រដៀងជាងគេ គឺការធ្វើត្រាប់តាមសំឡេង លោក ណយ វ៉ាន់ណេត។
លើសពីនេះ រូបគេ បានច្រៀងបទភ្លេងការដើម្បីជាការបង្ហាញសមត្ថភាពបន្ថែមផងដែរ ធ្វើឲ្យគណៈកម្មការការម្នាក់ៗរំជួលចិត្តខ្លាំងណាស់ ពិសេសការច្រៀងបទចុងក្រោយរបស់លោក ណយ វ៉ាន់ណេត រហូតពួកគេសម្រេចផ្ដល់កាតមាសទៅ៤ដល់រូបគេតែម្ដង។
ក្នុងការផ្ដល់កាតមាស៤នោះ គណៈកម្មការ បានបញ្ជាក់ថា កាត់១សម្រាប់ការច្រៀងខ្លួនឯង និងកាត៣ទៀត សម្រាប់ការច្រៀងធ្វើត្រាប់តាមសំឡេង លោក ព្រាប សុវត្ថិ, លោក ណយ វ៉ាន់ណេត និងលោកឆន សុវណ្ណរាជ។
ការបង្ហាញសមត្ថភាពដ៏អស្ចារ្យនេះ ត្រូវបានពិធីការិនី និយាយអមកម្មវិធីថា «គ្រាប់ពេជ្រមួយគ្រាប់ បានបង្ហាញខ្លួន សមត្ថភាពពេញខ្លួនតែម្ដង សមណាស់ ដែលទទួលបាន«យេស»៤៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនាវីដេអូ ខាងក្រោមនេះទាំងអស់គ្នា ៖