នេះអាចចាត់ទុកជាលើកទី១ហើយ ដែលបេក្ខជនម្នាក់ ចូលរួមប្រឡងក្នុងកម្មវិធីCambodian Idol រដូវកាលទី៤ ធ្វើឲ្យតារាចម្រៀង ណុប បាយ៉ារិទ្ធ និយាយទាំងអួលដើម.ក បង្ហូរទឹកភ្នែកនៅលើឆាកដ៏ធំនៅចំពោះមនុស្សមនុស្សជាច្រើននេះ។
ការបង្ហូរទឹកភ្នែកដំបូងរបស់លោក ណុប បាយ៉ារិទ្ធ ដោយសារតែឃើញបេក្ខជន ជ័យ សុខតារា ជាអ្នករាំឲ្យខ្លួន បង្ហាញវត្តមានក្នុងឆាកដ៏ធំមួយនេះ ខណៈកន្លងមក លោកមិនដឹងថា កូនក្រុមខ្លួនឯង ម្នាក់នេះ ចេះច្រៀងនោះឡើយ ហើយក៏មិនដឹងថា រូបគេជាប់មកដល់វគ្គដំបូង(Judge Audition)នៃកម្មវិធី Cambodian Idolនេះដែរ ដោយសារតែរូបគេ មិនបានប្រាប់លោកឲ្យដឹង។
ដោយឡែកការបង្ហូរទឹកភ្នែកម្ដងទៀត ដោយសារក្ដីរំភើប ក្រោយឃើញកូនក្រុមរបស់ខ្លួនច្រៀងបទ អង់គ្លេសមានចំណងជើងថា «Perfect» បានយ៉ាងពីរោះ ខណៈកន្លងមកលោកមិនធ្លាប់បានស្ដាប់នោះ ធ្លាប់តែឮគេច្រៀងខ្សឹបៗនៅពេលរួមដំណើរនៅលើរថយន្តជាមួយគ្នានោះ។
ជាមួយគ្នានេះ លោក ណុប បាយ៉ារិទ្ធ ក៏បានសម្ដែងការអរគុណដល់កូនក្រុមរបស់ខ្លួនម្នាក់នេះទាំងអួល.ដើមថា «បងអរគុណច្រើន ទី១ អរគុណ ដែលធ្វើជាក្មេងដ៏ល្អ ដោយកន្លងធម៌របស់ក្រុមគ្រួសារ ធ្វើជាកូនក្រុមដ៏ល្អនៅក្នុងការងារ មិនដែលឲ្យបងពិបាក អត់ដែលឲ្យបងមានអារម្មណ៍ថា ត្រូវទៅណែនាំ ត្រូវទៅទូន្មាន ម៉ោងពេលវេលា តែងតែគោរពរហូត…»។
ក្នុងនោះលោក ណុប បាយ៉ារិទ្ធ ក៏បានបង្ហាញមោទកភាព ចំពោះកូនក្រុមរបស់ខ្លួន ដែលអាចរៀនភាសាអង់គ្លេស មានការងារជាច្រើនធ្វើហើយ នៅអាចបញ្ចេញសមត្ថភាពច្រៀងបទភាសាអង់គ្លេសបានយ៉ាងពីរោះ ឲ្យប្រជាជនទូទាំងប្រទេស ក៏ដូចពិភពលោកទាំងមូលឃើញថា កូនខ្មែរក៏អាចច្រៀងបទបរទេសបានពីរោះផងដែរ។
ការច្រៀងបានយ៉ាងពីរោះពីសំណាក់យុវជន ជ័យ សុខតារា ដែលជា Dancer របស់លោកណុប បាយ៉ារិទ្ធនោះ បានធ្វើឲ្យគណៈកម្មការទាំង៤ សម្រេចផ្ដល់«យេស»ដល់រូបគេ ហើយនេះទំនងជាអាចកែប្រែជីវិតរបស់យុវជនម្នាក់នេះឲ្យប្រសើរផងដែរ៕ ដើម្បីកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖