យើងដឹងហើយថា ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លមានតាំងពីបុរាណនៅក្នុងទំនៀមទម្លាប់ខ្មែរ ហើយ ពិធីនេះ តែងប្រារព្ធឡើងនៅថ្ងៃ៤រោច ខែពិសាខ ជារៀងរាល់ឆ្នាំ តែពិធីបុណ្យនេះ បានខកខានរៀបចំរយៈពេល៣ឆ្នាំមកហើយ បើគិតទាំងឆ្នាំ២០២២នេះ។
ចំពោះមូលហេតុនៃការមិនបានរៀបចំពិធីបុណ្យខាងលើ នៅឆ្នាំ២០២២នេះ ត្រូវបាន មន្ត្រី នៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បញ្ជាក់ថា ព្រះរាជពិធីច្រត់ព្រះនង្គ័ល មិនអាចប្រារព្ធបាន ដោយសារស្ថានភាពការឆ្លងរាលដានជំងឺកូវីដទើបបានថមថយ។ ព្រះរាជពិធីច្រង់ព្រះនង្គ័ល បើប្រារព្ធ គឺត្រូវប្រើពេលច្រើនខែមុនថ្ងៃកំណត់មកដល់ ដើម្បីរៀបចំទីតាំង និងពិធីសាសនាផ្សេងៗ។
ទោះឆ្នាំនេះ មិនមានការរៀបចំពិធីបុណ្យច្រត់ព្រះនង្គ័លក៏ពិតមែន តែអ្នកឧកញ៉ាគិត ម៉េង នៅថ្ងៃទី១៩ ខែឧសភា បានចែករំលែកអត្ថបទដ៏មានប្រយោជន៍ពាក់ព័ន្ធនឹងពិធីបុណ្យនេះថា «ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានប្រារព្ធធ្វើជាច្រើនសតវត្សមកហើយ តាមព្រះរាជតម្រិះផ្តួចផ្តើមរបស់ព្រះមហាក្សត្រខ្មែរជំនាន់មុន ដែលបានយកព្រះទ័យទុកដាក់យ៉ាងខ្លាំងចំពោះស្ថានភាពកសិកម្មរបស់ប្រជារាស្ត្រ។
ប្រទេសកម្ពុជាយើងសម្បូរទៅដោយប្រពៃណី និងវប្បធម៌ ដែលធ្វើឲ្យយើងក្លាយជាប្រទេសដ៏អស្ចារ្យមួយ សព្វថ្ងៃ។ ថ្វីត្បិតតែមានវិធីសាស្ត្របែបវិទ្យាសាស្ត្រផ្សេងៗសម្រាប់ព្យាករអាកាសធាតុ និងកំណត់ការប្រមូលផលដំណាំកសិកម្មក៏ដោយ ក៏ប្រជាជនកម្ពុជានៅតែមានវិធីសាស្ត្ររបស់ខ្លួន ដើម្បីទស្សន៍ទាយហេតុភេទ ដែលអាចនឹងកើតមានទ្បើងនៅពេលខាងមុខ។ តាមរយៈព្រះរាជពិធីប្រពៃណីនេះ ដែលតែងតែប្រារព្ធធ្វើឡើងនៅតាមទីកន្លែងនានាទូទាំងប្រទេសតាមតម្រូវការ ប្រជាជនកម្ពុជាអាចផ្សងប្រផ្នូលពីភោគផលកសិកម្មជាដើម។
ការផ្សងប្រផ្នូលនោះធ្វើទ្បើង តាមរយៈការសង្កេតនូវអ្វីដែលព្រះគោ ឬគោឧសភរាជសោយ ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល។ កាលព្រះគោសោយអ្វីមួយ យើងជឿជាក់ថាយើងអាចព្យាករអំពីព្រឹត្តិការណ៍ជាច្រើន ដូចជា ជំងឺរាតត្បាត ទឹកជំនន់ ទិន្នផលល្អ និងមានភ្លៀងច្រើន ឬតិចជាដើម។សូមឱ្យព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះពោរពេញដោយលទ្ធផលល្អតាមទំនៀមទម្លាប់បវេណី!»។
គួរបញ្ជាក់ថា ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល តែងប្រារព្ធឡើងនៅថ្ងៃ ៤រោច ខែពិសាខ ជារៀងរាល់ឆ្នាំ។ នៅក្នុងគម្ពីរបាលីហៅថា វប្បមង្គល មានន័យថា “មង្គលសាបព្រោះបណ្ដុះដាំ” ដែលជាព្រះរាជពិធីសំខាន់មួយក្នុងចំណោមព្រះរាជពិធីសំខាន់ៗប្រចាំឆ្នាំ។
អត្ថន័យនៃព្រះរាជពិធីនេះ ត្រូវបានអ្នកជំនាញវប្បធម៌ខ្មែរលើកឡើងថា ច្រត់ព្រះនង្គ័ល ជាមង្គលចម្រើននៃការសាបព្រោះបណ្ដុះដាំក្នុងរដូវភ្លៀងរបស់ប្រជាជន ដែលមានព្រះមហាក្សត្រជានិមិត្តរូបយកព្រះទ័យទុកដាក់ដល់ការបង្កបង្កើនផលដំណាំ។ ទ្រង់តែងបួងសួងសុំទឹកភ្លៀង សុំសេក្តីសុខសន្តិភាព កុំឱ្យមានរោគ និងបង្ហាញពីព្រហ្មវិហារធម៌ និងទសពិធរាជធម៌ទៅដល់ប្រជារាស្រ្តទូទាំងប្រទេស៕