គេនៅចាំបានថា តារាចម្រៀងល្បីឈ្មោះឆាយ វីរៈយុទ្ធ បានរៀបអាពាហ៍ពិពាហ៍បញ្ចប់ភាពនៅលីវ ជាមួយនឹងកូនថៅកែរោងម៉ាស៊ីនកិនស្រូវដ៏ធំនៅទឹកដីខេត្តកំពង់ចាម អ្នកស្រី សែ ចាន់ឌី ដោយពិធីនោះធ្វើឡើងយ៉ាងឱឡារិក នៅតាមបណ្តាយផ្លូវជាតិលេខ ៦A ស្ថិតនៅក្នុង ភូមិតាសែន ឃុំសុទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម ពោលគឺនៅទីលានដីដ៏ធំរបស់ថៅកែស្រូវ លោក ហាក់ សែ ដែលជាឪពុកក្មេករបស់លោក ឆាយ វីរៈយុទ្ធ។
ភ្ញៀវ ដែលអញ្ជើញចូលរួមក្នុងពិធីមង្គលការរបស់លោកនាពេលនោះ ភាគច្រើនជាភ្ញៀវខាងស្រី និងសុទ្ធសឹងជាអ្នកជំនួញ ខណៈភ្ញៀវជាអ្នកសិល្បៈរួមអាជីព ដូចជា លោក ព្រាប សុវត្ថិ កញ្ញា សុខ ពិសី កញ្ញាសុខ ស្រីនាង លោកមាស សាលី លោក ហេង ឡុង លោកប៉ែន ចំរ៉ុង លោក ដួង វីរៈសិដ្ឋ លោក អ៊ី ណូ នាយ កុយ នាយ ចាប ចៀន និង អ្នកនាង ខាត់ សុឃីមជាដើម។ ក្នុងនោះ ក៏ឃើញវត្តមានចូលរួមពីសំណាក់លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផងដែរ។
ក្រោយរៀបការ នៅចុងឆ្នាំ២០១៩ លោកឆាយ វីរៈយុទ្ធ ក៏ទទួលបានកាដូកូនស្រីម្នាក់ និងបានបង្ហោះសាររៀបរាប់ថា «វីរៈយុទ្ធ អភិជាតាទេវី ហៅ អាតារ៉ា កើតថ្ងៃអាទិត្យ ២រោច ខែភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៨.២៧ នាទីព្រឹក ទំងន់ ៣ គីឡូក្រាម ខណៈកូនប្រុស នាយ ចយ កើតនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ សម្រាលនៅវេលាម៉ោង ៩៖៣២ នាទីយប់ មានទម្ងន់ ៣គីឡូ ៣ខាំ»។
ដោយឡែក ថ្ងៃនេះ ជាខួបអាពាហ៍ពិពាហ៍របស់ខ្លួននោះ តារាចម្រៀង ដែលមានទឹកដមសំឡេង ប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅរូបនេះ បានបង្ហោះរូបថតជាច្រើនសន្លឹក ហើយបញ្ជាក់ថា «រីករាយខួបអាពាហ៍ពិពាហ៍ Yuth & Dy ៥ឆ្នាំកន្លងពិតជាលឿនមែនទែន នៅក្បែរដៃគូដែលយល់ចិត្ត សូមអរគុណភរិយាជាទីស្រលាញ់ បង្កើតគ្រួសារមួយដ៏កក់ក្តៅ ពោរពេញទៅដោយក្តីស្រលាញ់ជាមួយគ្នា និងតែងតែនៅក្បែរគ្នាគ្រប់កាលៈទេសៈ កំពង់ចាម៖ ២១ ឧសភា ២០១៧ – ២១ ឧសភា ២០២២»។
គួរបញ្ជាក់ថា ក្នុងថ្ងៃរៀបមង្គលការរបស់ខ្លួននោះ លោកឆាយ វីរៈយុទ្ធ បានបន្ទរសារភាពនៅចំពោះមុខកូនក្រមុំថា «ការព្យាយាម និងភាពស្មោះស្នេហ៍៧ឆ្នាំ បានសម្រេច មានថ្ងៃនេះជាសាក្សី ជីវិតអាពាហ៍ពិពាហ៍ និងការផ្សំផ្គុំពីអ្នកមានគុណទាំងសងខាង។ បងសន្យា មានមេបា និងភ្ញៀវ ២០០០ នាក់ ជាសាក្សី បងនឹងមើលថែអូនអស់មួយជីវិត លុះចាស់កោងខ្នង»។
លើសពីនេះ លោកមានចម្រៀងមួយបទ ជាសក្ខីភាពស្នេហ៍របស់ខ្លួនផងដែរ គឺបទ «ស្រឡាញ់គ្នារហូតក្លាយជាតាយាយ»។ ចំណុចទាំងនេះ មិនមែននិយាយតែមាត់នោះទេ, តាមការសង្កេតជាក់ស្ដែង ឆាយ វីរៈយុទ្ធ ពិតជាស្រឡាញ់យកចិត្តទុកដាក់ មើលថែ និង តាមចិត្តប្រពន្ធសឹងតែគ្រប់យ៉ាង។
តួយ៉ាងថ្មីៗនេះ តារាចម្រៀងប្រុសខាងលើ បានបង្ហោះសារមួយនៅលើបណ្ដាញសង្គម ដោយលោកបានបំពេញក្ដីស្រមៃរបស់ប្រពន្ធបណ្ដូលចិត្ត ដោយរកទីកន្លែងស្ងប់ស្ងាត់មួយពោរពេញដោយទេសភាពទុកជាទីកន្លែងផ្ទាល់ខ្លួន ដែលអ្នកនាងបានប៉ងទុកជាយូរមកហើយ៕ ចំពោះអ្នក មិនទាន់បានស្ដាប់បទចម្រៀង ដែលជាផ្នែកមួយនៃសក្ខីភាពស្នេហ៍លោកនោះ សូមទស្សនាវីដេអូខាងក្រោមនេះ ៖