ប្រិយមិត្ត ដឹងគ្រប់គ្នារួចមកហើយនូវរឿងរ៉ាវលោកឧកញ៉ាឌួង ឆាយ និងលោកជំទាវ ដេត ម៉ាលីណា បានធ្វើការលែងលះគ្នា ប៉ុន្តែរឿងរ៉ាវមួយចំនួនទៀត ជុំវិញការលែងលះគ្នា ប្រហែលជាប្រិយមិត្តមិនទាន់ដឹងនៅឡើយទេ។
ការដែលគ្រប់គ្នាអាចមិនដឹងនោះ ដោយសារតែ តាំងពីធ្វើការលែងលះគ្នាមក លោកឧកញ៉ាឌួង ឆាយ មិនដែលធ្វើការបកស្រាយអ្វីនោះឡើយ ក្រៅតែពីការបង្ហាញក្ដីស្រឡាញ់ចំពោះកូន ការនឹករំលឹកចំពោះកូន ចង់ផ្ដល់ភាពកក់ក្ដៅដល់កូន និងរក្សាភាពស្ងៀមស្ងាត់ទុកឲ្យពេលវេលាជាអ្នកបកស្រាយនោះ។
ប៉ុន្តែកាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ លោកឧកញ៉ាមិនរក្សាភាពស្ងៀមស្ងាត់ទៀតឡើយ ដោយ បានធ្វើការបកស្រាយរឿងរ៉ាវជាច្រើនពាក់ព័ន្ធនឹងការលែងលះគ្នានេះ ល្មមអាច ឲ្យអ្នកគាំទ្រមួយចំនួន ដែលចង់ដឹងរឿងលោកអស់ចម្ងល់បាននោះ។
ក្នុងការបកស្រាយជាច្រើននោះ ចំណុចមួយ លោកឧកញ៉ាឌួង ឆាយ បានបញ្ជាក់ច្បាស់ៗថា រយៈពេល៣ ៤ខែ ដែលលោកលះបង់សព្វគ្រប់បែបយើង ប្រគល់គ្រប់យ៉ាងឲ្យអតីតភរិយា ចាកចេញខ្លួនទទេ ប្រគល់ផ្ទះឲ្យគាត់ និងកូនៗ សុខចិត្តទៅនៅផ្ទះម្ដាយ ទៅនៅផ្ទះចាស់ ទៅនៅបន្ទប់តូច ទៅនៅលំបាកវេទនា នៅម្នាក់ឯង ឲ្យអតីតភរិយានៅជួបជុំក្រុមគ្រួសារ ធ្វើយ៉ាងម៉េចឲ្យគាត់ផ្ដល់ភាពកក់ក្ដៅដល់កូនៗ។ ប៉ុន្តែ អតីតភរិយារបស់លោក មិនបំពេញតួនាទីភារកិច្ចឲ្យបានល្អ តាមអ្វី ដែលបានសន្យាជាមួយលោកនោះទេ។
ជាមួយគ្នានេះ លោកឧកញ៉ា បានលើកឡើងនូវសកម្មភាពរបស់លោកពេលមិនទាន់បែកគ្នាថា រៀងរាល់ថ្ងៃ លោកបើកឡានជូនអតីតភរិយាទៅកក់សក់ ទៅធ្វើក្រចក ទៅហូបបាយ ទៅមើលកូន សៅអាទិត្យជុំគ្នាជាមួយប្រពន្ធ។ ចន្ទ ពុធ ហូបបាយល្ងាចជួបជុំជាមួយអ្នកវិនិយោគ។ ថ្ងៃសុក្រ អាច១ថ្ងៃក្នុងសប្ដាហ៍ ជួបជុំជាមួយមិត្តភក្ដិ។
លោកឧកញ៉ា សង្កត់ធ្ងន់ថា លោកអត់មានសិទ្ធិសិរីភាពក្នុងការរស់នៅជាមួយអតីតភរិយា នាពេលកន្លងមក ដោយលោកមិនដែលមានឱកាសទៅខេត្តជាមួយមិត្តភក្ដិ ទៅស្ទូចត្រី ទៅជិះម៉ូតូទឹកជាមួយមិត្តភក្ដិ មិនដែលមានឱកាសនេះទេតិចបំផុត ហើយគឺថាមិនដែលឲ្យលោកទៅទេ។
លោក បានបញ្ជាក់រឿងរ៉ាវមុនពេលបែកគ្នាដែរថា មួយរយៈចុងក្រោយនេះ លោកមានការមមាញឹកច្រើន ការងារកាន់តែច្រើន មិនបានផ្ដល់ពេលវេលា ផ្ដល់ភាពកក់ក្ដៅឲ្យអតីតភរិយាដូចពីមុន ដូចកាលនៅជាសង្សារ នៅជាយុវវ័យបានទេ ហើយក៏មិនដែល ទៅមានស្រីកំណាន់ រហូតផ្ទះ ទិញឡាន ចិញ្ចឹមស្រីកំណាន់ណា នោះដែរ ហើយបើមានមែនឈ្មោះលោកល្បីខ្ចរខ្ចាយទូទាំងប្រទេសបាត់ទៅហើយ អត់ដែលមានប្រវត្តិនឹងទេ។
ទោះយ៉ាងណា លោកឧកញ៉ា ទទួលស្គាល់ថា ខ្លួនមានចំណុចខ្វះខាតចុងក្រោយ ដោយលោកឈ្លោះជាមួយអតីតភរិយា ប្រកែកតឹងសរសៃកដាក់គ្នា រហូតមានការប្រតាយប្រតប់ វាជាកំហុសរបស់លោក។
ជាចុងក្រោយលោកបានបញ្ជាក់ថា នឹងមិននិយាយរឿងនេះទៀតឡើយ ហើយសូមឲ្យរក្សារឿងគ្រួសារ និយាយគ្នាផ្ទៃក្នុងបានហើយ បើនិយាយមិនបានទេ រកមេធាវី រកអាជ្ញាកណ្ដាល រកតំណាងផ្លូវច្បាប់ សូមកុំឲ្យមានការបង្ហោះហែកហួរគ្នាក្នុងបណ្ដាញសង្គមហ្វេសប៊ុកតទៅទៀត។
គួរបញ្ជាក់ថា មុននឹងលោកឧកញ៉ា ធ្វើការបកស្រាយនោះ កាលពីល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ លោកជំទាវដេត ម៉ាលីណា បានបង្ហោះវីដេអូ ខល ជាមួយកូនប្រុស ភ្ជាប់ជាមួយសារយ៉ាងវែងអន្លាយថា ៖ «មនុស្សយើងម្នាក់ម្នាក់ ទឹកចិត្តជាម្តាយគ្រប់រូបពេលដែលលែងលះគ្នាដាច់ស្រេចហើយ ហេតុអីក៏ត្រូវគាបសង្កត់ក្មេងមិនអោយខលមកម្តាយគេ ទាំងដែលសុំយកកូនទៅលេងត្រឹមតែមួយល្ងាចសោះ តាំងពីថ្ងៃ08.03.2021 ថាយកពីម៉ោង5:00ដល់ម៉ោង10:00យប់ មិនព្រមយកមកហើយ
ហើយថែមយកiPad លាក់ទុកនៅពេល ដែលខ្ញុំខលទៅមិនដឹងថាកូនខ្លួនឯងនៅកន្លែងណានៅជាមួយអ្នកណា ហើយពេលដែលខ្ញុំខលទៅក្រុមគ្រួសារឆាយគឺគេឆ្លើយថា មិនដឹង ហើយនៅយប់ថ្ងៃនោះដែរហេតុតែបារម្ភពីកូនពេក នាងខ្ញុំមានអការៈញ័រទ្រូង ថប់ដង្ហើម
ហើយក៏ត្រូវទៅពេទ្យទាំងយប់ ម៉ោង៣ភ្លឺដោយសារទង្វើ ដែលគាត់ធ្វើដាក់ខ្ញុំ ហើយយកកូនស្រីពៅដែលមានអាយុត្រឹមតែមួយខួបកន្លះទៅទុកចោលនៅនឹងគេ ដែលកូនស្ថិតនៅក្រោមអាយុមើលថែពីម្តាយ ហើយយប់ទី4 ថ្ងៃទី11.03.2021យប់ដោយសារយប់នោះ ឆាយបានទៅក្រៅទុកកូនចោល
ហើយនៅពេលនោះកូនប្រុសខ្ញុំក៏មានឱកាសយកiPad ខលមកនាងខ្ញុំដោយសារការនឹករបស់កូន និងការលំបាក ដែលឆាយធ្វើដាក់កូន ទើបគាត់ទ្រាំមិនបាន កូនប្រុសខ្ញុំគាត់បានព្យាយាមចង់ខលមកខ្ញុំ ប៉ុន្តែត្រូវឈ្មោះឆាយជាឪពុកបានហាមឃាត់មិនអោយខលមក
ហេតុអ្វីក៏ត្រូវបង្រៀនក្មេងអោយចេះកុហក ទាំងដែលគ្នាមិនចង់ ហើយពាក្យមួយម៉ាត់ដ៏គួរអោយស្រណោះរបស់កូនខ្ញុំនោះគឺ (ខ្ញុំនឹកម៉ាក់ ខ្ញុំចង់មកផ្ទះយើងវិញ ខ្ញុំមិនចង់នៅនិងទ ) បើបងប្អូនពូមីងជួបរឿងដូចខ្ញុំតើបងប្អូន ត្រូវធ្វើយ៉ាងម៉េចដែរ
ខ្ញុំពិតជាឈឺចិត្តណាស់នៅពេលនោះនាងខ្ញុំព្យាយាមមិនចង់ស្រក់ទឹកភ្នែកទេ ហើយព្យាយាមលើកទឹកចិត្តកូន ប៉ុន្តែការអាណិតកូនទប់ចិត្តមិនបាន ទើបស្រក់ទឹកភ្នែកតាមគាត់ ក្នុងនាមខ្ញុំជាម្តាយនិងប្តេជ្ញាចិត្ត និងតស៊ូដើម្បីកូនមិនអោយជួបរឿងពិបាកតទៀតទេ តាំងពីថ្ងៃនោះមកដល់ពេលនេះ មិនដឹងថាពេលណាបានជួបកូនវិញ»៕ សូមទស្សនាវីដេអូលម្អិតខាងក្រោមនេះទាំងអស់គ្នា ៖