នៅក្នុងការបង្ហាញសមត្ថភាព ឡើងប្រឡងចម្រៀងCambodian Idol កាលពីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ បេក្ខនារីដ៏ស្រស់ស្អាតម្នាក់ ជាគ្រូបង្រៀនឈ្មោះ អ្នកគ្រូ សេង ដានីន បានធ្វើឲ្យគណៈកម្មការពេញចិត្តខ្លាំងណាស់ចំពោះឆន្ទៈ រូបសម្រស់រូប និងទឹកដមសំឡេងដ៏ស្រទន់។
មុនឡើងបញ្ចេញសមត្ថភាពច្រៀង អ្នកគ្រូដ៏ស្រស់ស្អាតរូបនេះ បានបង្ហាញពីឆន្ទៈរបស់ខ្លួន និងសកម្មភាពជាច្រើន ក្នុងនោះ អ្នកគ្រូ បានបញ្ជាក់ថា មូលហេតុ ដែលមកប្រឡងចម្រៀងនេះ ព្រោះខ្លួនគិតថា កម្មវិធី Cambodian Idolគឺជាស្ពានមួយ អាចឲ្យខ្លួនឈោងពីកន្លែងមួយតូច ក្លាយជាធំ។
ត្រង់ចំណុចធំនេះ អ្នកគ្រូបញ្ជាក់ថា ធំនេះមានន័យថា ជាបុគ្គល ដែលមហាជនទទួលស្គាល់ ហើយមានឥទ្ធិពលជាងមុន ពេលនិយាយទៅ អាចផ្ញើសារទៅពួកគាត់បានច្រើន។ អ្នកគ្រូថា បើខ្លួនក្លាយជាតារាចម្រៀងដ៏ល្បីម្នាក់ អញ្ចឹងប្រាកដជាមានបងប្អូនស្គាល់ច្រើន អាចធ្វើឲ្យក្ដីស្រមៃ ដែលខ្លួនចង់បង្ហាញនូវសារផ្សេងៗជូនដល់នារីៗ ក៏ដូចជាមហាជន កាន់តែទូលំទូលាយជាងមុន។
តាមរយៈការរៀបរាប់ពីប្រវត្តិសិក្សា ការងារ ឆន្ទៈរួចមក គណៈកម្មការទាំងអស់សុទ្ធតែទះដៃសរសើរ ហើយពេលច្រៀងបទ «បេះដូងរងគ្រោះ» បានយ៉ាងស្រទន់ ពីរោះទៀតនោះ គណៈកម្មការ រឹតតែសរសើរថែមទៀត, ចុងក្រោយអ្នកគ្រូដ៏រឹងមាំរូប និងរឹងមាំរូបនេះ បានទទួល«យេស»ចំនួន៤ពីគណៈកម្មការ។
ក្រោយពីទទួលបាន«យេស»ចំនួន៤រួចមក នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ អ្នកគ្រូបង្រៀនមកពីខេត្តព្រៃវែងរូបនេះ បានបង្ហោះសារថា «សូមអរគុណបងប្អូនទាំងអស់គ្នា ដែលបានស្រឡាញ់ចូលចិត្តដល់រូបខ្ញុំ ព្រមទាំងបានអបអរសាទរយ៉ាងកក់ក្ដៅចំពោះលទ្ធផលកាលពីល្ងាចមិញ ខ្ញុំពិតជាមានសំណាងណាស់ ដែលទទួលបានការជ្រោមជ្រែងពីអ្នកទាំងអស់គ្នា សូមសំណាងល្អ»។
តាមរយៈនេះ អ្នកគាំទ្រ, មិត្តភក្ដិក្នុងបណ្ដាញសង្គម បានសម្ដែងអបអរសាទរ និងលើកសរសើរថា «ស្រឡាញ់សំឡេងផ្អែមស្រទន់, អបអរសាទរ, ចូលរួមអបអរអូន សូមទទួលបានជោគជ័យ រហូតដល់គោលដៅ ដែលប្អូនចង់បានអ្នកគ្រូរំភើបជំនួសអ្នកគ្រូចង់ឲ្យប្អូនៗជំនាន់ក្រោយយកគំនូរល្អៗតាមប្អូនទាំងពូកែឆ្លាតស្អាត ហើយក្លាហានទៀត, ក្លាយទៅជានិមិត្តរូបរបស់មនុស្សគ្រប់គ្នាបណ្ដើរៗហើយ»៕ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖