លោកអ្នក ទំនងជាបានស្គាល់រួចមកហើយ នូវស្ត្រីដ៏ស្រស់ស្អាតម្នាក់ ឈ្មោះ Pich Pich ម្ចាស់ហាងម៉ូតូមួយកន្លែង យីហោ «ប្រាក់ សម្បតិ្ត» ដែលល្បីល្បាញតាមរយៈការឡាយ ជាមួយនឹងសំនួនវោហារស័ព្ទគួរឲ្យចាប់អារម្មណ៍ និងចង់ស្ដាប់នោះ។
ម្ចាស់ហាងម៉ូតូរូបនេះ មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតនោះទេ ថែមទាំងត្រូវបានគេសរសើរថា ចិត្តធម៌ថែមទៀត ដោយមួយរយៈមុននេះ មិនត្រឹមតែបរិច្ចាគថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផានោះទេ ថែមទាំងជួយអ្នកសិល្បៈមួយចំនួន ដែលកំពុងត្រូវការជំនួយបន្ទាន់ផងដែរ។
និយាយពីជីវិតគ្រួសារវិញ អ្នកនាង កំពុងតែរស់នៅយ៉ាងមានក្ដីសុខ ជាមួយស្វាមី និងកូនជាទីស្រឡាញ់របស់ខ្លួននោះ។ ចំពោះប្ដីរបស់អ្នកនាងវិញ ពេលឡាយជាមួយភរិយានោះ គេឃើញថា ទឹកមុខពោរពេញដោយស្នាមញញឹម គួរឲ្យស្រឡាញ់ខ្លាំងណាស់។
បន្ថែមលើនេះ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ Pich Pich បានបង្ហោះរូបថត១សន្លឹក បង្ហាញពីការរៀបចំតុបតែងខ្លួនឲ្យស្វាមីមុនចេញទៅធ្វើការ អមដោយសារយ៉ាងមានន័យថា
«អូនគ្មានស្បែក ស អូនគ្មានរាងស្លីម គ្មានមុខវី គ្មានដើមទ្រូងធំ គ្មានដៃជើងស្រលូនស្អាត អូនមិនមែនជាស្រីស្អាត អូនសាមញ្ញ តែអូនជាមនុស្សស្រីម្នាក់ ដែលចាំមើលបង រៀបចំជូនបងគ្រប់យ៉ាង គ្រប់ជ្រុងជ្រោយនៃចន្លោះខ្វះខាតរបស់បង ជួយរំលែកអម្រែករបស់បងបាន គាំទ្របង លើកទឹកចិត្តបង ក្បែរបងជានិច្ច…
ចាំណាប្ដីសម្លាញ់គ្មានកន្លែងណា ដែលកក់ក្ដៅជាងផ្ទះរបស់យើង គ្មានអ្វី ដែលមានសេចក្ដីជាងសុភមង្គលគ្រួសារ អរគុណដែលផ្ដល់សេចក្ដីសុខអោយអូន និង កូន ពេញលេញ ស្រីម្នាក់នេះ នឹងធ្វើអោយល្អបំផុតសម្រាប់គ្រួសារយើង»។
ចំពោះអ្នកគាំទ្រវិញ គ្រាន់តែឃើញប្រយោគដ៏មានន័យនេះហើយ ពួកគេមានក្ដីសុខជំនួស ក៏បានបង្ហាញអារម្មណ៍ដូច្នេះថា «រំភើបណាស់អ្នក, អានហើយមានក្តីសុខជំនួស, មើលហើយ ក៏មានក្តីសុខដែរបង, រំភើបជំនួស, ប្រពន្ធគេហេតុអ្វីក៏ល្អម្ល៉េះណ៎ចង់ចឹងដូចគេដល់ហើយ, មានន័យណាស់បងអើយ»៕