តាមការសន្យា នៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ លោកជំទាវ ដេត មាលីណា បានធ្វើការឡាយវីដេអូ យកចេញពីកាមេរ៉ា សុវត្ថិភាព ភ្ជាប់ជាមួយខ្លឹមសារបកស្រាយយ៉ាងវែងអន្លាយ ពាក់ព័ន្ធនឹងរឿងរ៉ាវមួយចំនួន ជាមួយលោកឧកញ៉ាឌួង ឆាយ។
លោកជំទាវ បានភ្ជាប់ជាមួយសារយ៉ាងវែងអន្លាយបែបនេះថា ៖ «ជាដំបូងនាងខ្ញុំដេត មាលីណា សូមខន្តីអភ័យទោសដល់ពុក ម៉ែ បងប្អូន ពូមីងទាំងអស់ ជាមុនដែលនាងខ្ញុំ សម្រេចចិត្តមកបកស្រាយ រកយុត្តិធម៌នៅក្នុងកាលៈទេសៈ ដែលមិនសមស្របនៅពេលនេះ ដែលយើងទាំងអស់គ្នា កំពុងតែចូលរួមប្រយុទ្ធប្រឆាំង ការពារ ការរាតត្បាតជំងឺCOVID-19 បុន្តែនាងខ្ញុំពិតជាគ្មានផ្លូវជ្រើសរើសឡើយ ហើយក៏ពិតជាមិនអាចស៊ូទ្រាំតទៅទៀតបានដែរ!
រយៈពេល13 ឆ្នាំកន្លងមក នេះគឺវាឆ្អែតគ្រប់គ្រាន់សម្រាប់រូបនាងខ្ញុំណាស់ពេកទៅហើយ ទាំងការប្រមាថ មាក់ងាយ ជេរស្តីរួមទាំងអំពើហិ.ង្សានៅក្នុងគ្រួសារ រហូតមានដល់យកកាំ.ភ្លើងមកគំ.រាមស.ម្លាប់ទៀតផង …… … .. . ។ល។
ការឈឺចាប់ទាំងផ្លូវកាយនិងផ្លូវចិត្ត ខ្ញុំបានទទួលរួចអស់ហើយ នៅឡើយតែភាពយុត្តិធម៌តែប៉ុណ្ណោះ នាងខ្ញុំពិតជាមិនតូចចិត្តនោះទេ ដែលមានមតិ តិះដៀល រិះគន់ ស្តីបន្ទោស មើលស្រាលដល់រូបនាងខ្ញុំកន្លងមក ក៏ព្រោះតែដោយសារតាមរយៈការលាបពណ៌ បំភ្លៃ ការពិតប្រឌិតទាំងគ្មានការខ្មាសអៀន បំពានយ៉ាងអយុត្តិធម៌របស់អតីតស្វាមីរបស់នាងខ្ញុំមកលើរូបខ្ញុំ
ទោះជាយើងទាំងពីរ បានព្រមព្រៀង ធ្វើការលែងលះ សមស្របទៅតាមផ្លូវច្បា.ប់រួចរាល់អស់ហើយក៏ដោយ តែគ្រប់យ៉ាងអ្វី ៗ ដែលជាការពិតវាត្រូវតែបានលាតត្រដាង ព្រោះការអត់ធ្មត់គឺវាមានដែនកំណត់។
ការដែលនាងខ្ញុំសម្រេចចិត្ត ទម្លាយការពិតមកក្នុងពេលនេះ ក៏ព្រោះតែរូបគាត់មិនបានគោរពតាម ការព្រមព្រៀងតាមច្បា.ប់នៃលក្ខណក្នុងការលែងលះរបស់យើងទាំងពីរ ហើយថែមទាំងព្យាយាមបំបែកម្តាយកូននាងខ្ញុំទៀត មិនមែនជាលើកទីមួយទេ ដែលអតីតស្វាមីរបស់ខ្ញុំគាត់ព្យាយាមយកកូនចេញពីខ្ញុំ បន្ទាប់ពីយើងលែងលះ
ប៉ុន្តែដោយសារការយល់ពីមនោសញ្ចេតនា របស់គាត់ដែលជាឪពុករបស់កូនៗ ដែរនោះ ទើបនាងខ្ញុំមិនដែលហាមឃាត់ ឬតបតទៅគាត់ឡើយទើបបណ្តាលអាចអោយមានរឿងរហូតមកដូចថ្ងៃនេះបាន
ហើយនេះវាក៏គឺជាកំហុសរបស់ខ្ញុំមួយចំណែកដែរ ដែលតែងតែទុកឱកាសអោយគាត់ កែប្រែខ្លួនបំពេញតួនាទីជាឪពុក ដើម្បីបានផ្តល់ភាពកក់ក្តៅដល់កូនៗ ទោះជាយើងលែងលះរួចរាល់ហើយក៏ដោយ ប៉ុន្តែអ្នកនៅតែជាអ្នក អ្នកពិតជាមិនអាចកែបានឡើយ ខ្ញុំសុំចុះចាញ់អ្នកហើយ តែខ្ញុំក៏មិនអាចអោយស្រមោលរបស់អ្នកមកតាមលងបន្លាច បំបែកជីវិតម្តាយកូនរបស់ខ្ញុំតទៅទៀតបានដែរ នាងខ្ញុំនឹងស៊ូដល់ទីបំផុតដើម្បីកូនៗរបស់នាងខ្ញុំ។
កូនៗគឺជាកម្លាំងចិត្ត កូនៗគឺជាជីវិត កូនៗគឺជាការទទួលខុសត្រូវរបស់ឪពុកម្តាយគ្រប់ៗរូប ដូច្នេះហើយខ្ញុំសូមអង្វរចិត្តអ្នកកុំផ្តល់សំពាធផ្លូវចិត្ត ផ្លូវអារម្មណ៍ដល់កូនៗ របស់យើងទាំងអស់អី ពួកគាត់នៅតូចៗខ្លាំងណាស់
ហើយវាក៏មិនមែនជាជម្រើសល្អនោះឡើយ សូមអ្នករំងាប់អារម្មណ៍ឆេវឆាវរបស់អ្នកមួយពេល គ្រប់គ្រងអារម្មណ៍ឆេវឆាវរបស់អ្នកអោយបានល្អ ហើយមកគោរពតាម ការព្រមព្រៀងលែងលះតាមផ្លូវច្បា.ប់ដោយសន្តិវិធី នោះហើយជាជម្រើសដ៏ល្អបំផុតរបស់ឪពុកម្តាយដែលត្រូវផ្តល់អោយកូនៗ!
ខ្ញុំដឹងថា អ្នកធ្វើនេះក៏ព្រោះតែអ្នកចង់យកឈ្នះខ្ញុំ អ្នកដឹងថា ខ្ញុំរស់អត់កូនៗមិនបាន អ្នកដឹងថាខ្ញុំស្រលាញ់កូនៗខ្លាំងណាស់ សូមអ្នកកុំអោយអារម្មណ៍ឆេវឆាវរបស់អ្នកមួយគ្រាមកគ្រប់គ្រងលើរូបអ្នកបាន ហើយក៏មិនចាំបាច់ចង់ឈ្នះរូបខ្ញុំនោះដែរ ព្រោះអ្នកបានឈ្នះខ្ញុំរួចស្រេចបាត់ទៅហើយតាំងពី 13ឆ្នាំមុនម្លេះ!
សូមល្មមដោះលែងជីវិតរបស់ខ្ញុំអោយមានជីវិតរស់នៅដែលជាខ្ញុំផងចុះ ព្រោះខ្ញុំត្រូវប្រកបមុខរបររកស៊ីចិញ្ចឹមជីវិត ទទួលខុសត្រូវលើកូនៗ ព្រមទាំងគ្រួសាររបស់ខ្ញុំទៀត។ សូមកុំព្យាយាមយកកូនៗ មកធ្វើជាគំនាបដល់រូបនាងខ្ញុំអី អ្វីដែលអ្នកគួរតែធ្វើនៅពេកនេះនោះគឺ អ្នកសួរខ្លួនឯងថា :តើអ្នកបានបំពេញតួនាទីជាឪពុកអោយដល់ពួកគាត់គ្រប់គ្រាន់ហើយឫនៅ ?
តើត្រូវធ្វើ និង បំពេញតួនាទីជាឪពុកល្អបែបណាដល់ពួកគាត់ ? អ្វីដែលអ្នកមិនធ្លាប់ធ្វើដាក់ខ្ញុំនោះ ? ដែលទោះជាខ្ញុំកំពុងតែពពោះកូនៗទាំង៣នោះក៏ដោយ មានតែអ្នកម្នាក់ទេដែលដឹង អ្នកអាចកុហកបោកប្រាស់ បំភ្លៃការពិតដល់មនុស្សជុំវិញខ្លួនអ្នកបាន អ្នកអាចធ្វើបាន ហើយអ្នកក៏បានធ្វើរួចហើយដែរ
ហើយអ្នកនៅតែបន្តធ្វើទៀត ក៏ប៉ុន្តែអ្នកមិនអាចកុហកខ្លួនឯង ឬ ខ្ញុំបានឡើយ ការពិតនៅតែជាការពិត មានតែពេលវេលាទេដែលអាចបញ្ជាក់រាល់អ្វីៗ គ្រប់យ៉ាងបានទាំងអស់។ ពេលវេលាខ្លះយើងមិនចាំបាច់ទាមទារ ឬ បកស្រាយច្រើននោះទេថារូបយើងល្អ អាក្រក់ ខុសឬត្រូវ ព្រោះទង្វើអាចបញ្ជាក់ពីបុគ្គលិកលក្ខណៈរបស់យើងគ្រប់ៗរូបបានយ៉ាងច្បាស់លាស់ ហើយគ្រប់គ្រាន់ទៀតផង !
ដូច្នេះហើយនាងខ្ញុំសុំពេលវេលាបកស្រាយតាមរយៈកាមេរ៉ា វីដេអូសុវត្ថិភាពមួយនេះ ហើយសង្ឃឹមថាពុកម៉ែ បង ប្អូន ពូមីងទាំងអស់នឹងយល់ពីទឹកចិត្តស្ត្រី ដែលជាម្តាយដូចជារូបនាងខ្ញុំម្នាក់នេះ ដោយអនុគ្រោះនិង យុត្តិធម៌
ហើយបន្ទាប់ពីការចេញបង្ហាញភស្តុតាងតាមរយៈកាមេរ៉ាវីដេអូ១នេះហើយនាងខ្ញុំជឿជាក់យ៉ាងមុតមាំទៅលើប្រព័ន្ធច្បាប់តុលា.កានៅក្នុងប្រទេសកម្ពុជារបស់ខ្ញុំ នឹងផ្តល់ភាពយុត្តិធម៌ដល់ម្តាយកូនរបស់នាងខ្ញុំអោយបានឆាប់ជួបជុំកូនៗមករួមរស់ជាមួយគ្នាតាមកិច្ចសន្យាព្រមព្រៀងលែងលះតាមប្រព័ន្ធផ្លូវច្បាប់ ដែលនាងខ្ញុំមានសិទ្ធិអំណាចជាមេបាបីបាច់ថែរក្សាកូនៗទាំង៣ប្រកបដោយសុវត្ថិភាព
ព្រោះអ្នកបានបំបែកខ្ញុំជាមួយនឹងកូនៗតាំងពីថ្ងៃច័ន្ទ ទី៨ ខែមីនា មកម្ល៉េះ គឺជាថ្ងៃសិទ្ធិនារីតែម្តង រហូតដល់ពេលនេះនាងខ្ញុំមិនដឹងពេលណាបានជួបមុខកូនទេ។ ជាចុងបញ្ចប់នាងខ្ញុំ ដេត ម៉ាលីណា សូមគោរពជូនពរដល់ពុកម៉ែ ពូមីង បងប្អូនទាំងអស់អោយមានសុខភាពល្អ មានស្នាមញញឹម នឹងក្តីសង្ឃឹមគ្រប់ៗក្រុមគ្រួសារ និងសូមចូលរួមចំណែកការពារ ប្រ.យុទ្ធប្រ.ឆាំងនឹងជំងឺ COVID-19 ទាំងអស់គ្នា
ជាពិសេសសូមជូនពរអោយដល់ស្ត្រីទូទាំងសកលលោកទទួលបាន សេរីភាពទាំងផ្លូវកាយនឹងផ្លូវចិត្ត ដោយក្តីគោរព ស្រលាញ់ពីរូបនាងខ្ញុំដេត ម៉ាលីណា ភ្នំពេញ ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២១»។
មុននឹងធ្វើការឡាយវីដេអូ ភ្ជាប់ជាមួយខ្លឹមសារយ៉ាងវែងអន្លាយនោះ នៅល្ងាចមិញនេះ លោកជំទាវ ដេត មាលីណា បានជូនសំណឹងថា «សួស្ដីបងប្អូនពូមីងកុំភ្លេចរង់ចាំការឡាយបកស្រាយពីរូបនាងខ្ញុំ និងឌួង ឆាយ ដើម្បីទាមទារយុត្តិធម៌សម្រាប់ខ្ញុំ និងកូនរបស់នាងខ្ញុំនៅយប់ម៉ោង8:00pmនេះហើយការពិតនឹងត្រូវបានបកស្រាយខ្ញុំអត់ចេះសំដែង និងនិយាយកុហកប្រឌិតដូចគេទេ»។
ស្របពេលលោកជំទាវ ដេត មាលីណា ឡាយបកស្រាយនោះ លោកឧកញ៉ាឌួង ឆាយ ក៏បានប្រកាសដែរថា «ខ្ញុំ នឹងឡាយវីដេអូ បកស្រាយស្អែកម៉ោង 8:00pm យប់។ សូមពូមីងស្តាប់ការបកស្រាយរបស់ខ្ញុំសិនរួចពិចារណាតាមកាគួរ ឌួង ឆាយ»។
ចំពោះវីដេអូ ដែលលោកជំទាវ ដេត មាលីណា ទម្លាយនោះ មើលហើយធ្វើឲ្យអ្នកគាំទ្រសម្ដែងក្ដីអាណិត ហើយក្នុងវីដេអូនោះ មានកន្លែងខ្លះ ឮសម្រែកទ្រហោយំ សម្លុ.ត គួរឲ្យសង្វេគខ្លាំងណាស់។ កាលពីពេលថ្មីៗកន្លងទៅនេះ លោកឧកញ៉ាឌួង ឆាយ ក៏បានធ្វើការឡាយវីដេអូបកស្រាយផងដែរ។ ចង់ដឹងច្បាស់ សូមទស្សនាទាំងអស់គ្នា៖