លោក អ្នក បានជ្រាបរួចមកហើយថា តារាចម្រៀង ណុប បាយ៉ារិទ្ធ បានឈរជើងនៅលើវិថីសិល្បៈអស់រយៈពេលយូរឆ្នាំមកហើយ ជាមួយនឹងការកសាងកេរ្តិ៍ឈ្មោះល្បីខ្ទរខ្ទារ ជាមួយនឹងបទចម្រៀងជាច្រើន។
បច្ចុប្បន្ន កំពូលតារាចម្រៀងនៅផលិតកម្មហង្សមាសរូបនេះ បានជាគណៈកម្មការក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកនៅស្ថានីយទូរទស្សន៍ហង្សមាសស្ទើរទាំងអស់ទៅហើយ ក្នុងនោះ មានកម្មវិធីCambodian Idolផងដែរ។
ក្នុងការធ្វើជាគណៈកម្មការនេះ ណុប បាយ៉ារិទ្ធ ត្រូវបានគេមើលឃើញថា ជាមនុស្សម៉ត់ចត់ ក្នុងការកាត់សេចក្ដី។ ទោះយ៉ាងណា ក្នុងការប្រឡង គេកម្រឃើញបេក្ខជន លើកយកបទចម្រៀងរបស់លោក មកប្រឡងខ្លាំងណាស់ រហូតមានការលើកឡើងថា បទចម្រៀងលោកស្រួលស្ដាប់ តែពិបាកច្រៀង។
ឆ្លើយតបនឹងការលើកឡើងនេះ តារាចម្រៀងជួរមុខនៅផលិតកម្មហង្សមាស ណុប បាយ៉ារិទ្ធ បានបង្ហោះសារនៅមុននេះបន្តិច ដោយយល់ឃើញថា «មានមនុស្សជាច្រើនបានគិតថា ការប្រឡងចម្រៀងប្រសិនបើបេក្ខជនណាហ៊ានយកបទចម្រៀងរបស់ខ្ញុំទៅច្រៀងច្បាស់ជាធ្លាក់ ភាគរយធ្លាក់ច្រើនជាងជាប់ my songs is killer song គាត់តែងនិយាយថា បទចម្រៀងរបស់ខ្ញុំស្តាប់ស្រួល តែច្រៀងពិបាក។
តែសម្រាប់ខ្ញុំផ្ទាល់ខ្ញុំគិតថា បទចម្រៀងរបស់ខ្ញុំមិនពិបាកហួសពីសមត្ថភាពរបស់អ្នក ដែលចេះច្រៀងដែរ ប្រសិនបើសមត្ថភាពពិតប្រាកដមានការប្រុងប្រយ័ត្ន មិនមើលស្រាលលើបទចម្រៀងគាត់ប្រាកដជាអាចច្រៀងបានយ៉ាងល្អ
ជាក់ស្តែងដូចជាប្អូនប្រុសនី រតនា កាលពីពេល ដែលគាត់ប្រឡងចម្រៀងកម្មវិធីCambodian idolគាត់ច្រៀងបទរបស់ខ្ញុំ «ស្រលាញ់អូនមិនខ្វល់ពីអារម្មណ៍អ្នកដទៃ» គាត់ច្រៀងបានយ៉ាងពីរោះ ហើយល្អថែមទៀត គាត់នៅតែបន្តដំណើរទៅមុខដោយជោគជ័យ
នោះហើយដែលបង្ហាញថា គាត់មានសមត្ថភាពគ្រប់គ្រាន់ អាចច្រៀងបានគ្រប់បទចម្រៀងរបស់អ្នកចម្រៀងផ្សេងៗ និងអាចច្រៀងបានគ្រប់ទម្រង់នៃបទចម្រៀង។ ដូច្នេះមិនស្ថិតនៅត្រង់ថាច្រៀងបទរបស់អ្នកចម្រៀងណាទេ អោយតែដឹងច្បាស់ថាបទនោះសក្ដិសមនឹងសំឡេងរបស់យើងឬអត់ លើសពីសមត្ថភាពពេកឬអត់ បើគិតថា អាចធ្វើបាន ប្រឹងប្រែងបន្ថែមច្បាស់ជាអាចធ្វើបានយ៉ាងល្អ ៕