កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៤ វគ្គ Judge Audition សប្ដាហ៍ទី១ ចម្រាញ់បានបេក្ខជន១៨រូប, សប្ដាហ៍ទី២ ចំនួន២១រូប, សប្ដាហ៍ទី៣ ចំនួន២៣រូប និងសប្ដាហ៍ទី៤ ទើបកន្លងផុតទៅថ្មីៗនេះ ចម្រាញ់បាន២៣រូប។ សរុប៤សប្ដាហ៍ចម្រាញ់បានបេក្ខជន បេក្ខនារី៨៣នាក់។
ចំពោះសប្ដាហ៍ទី៤នេះ មានទាំងអ្នកចម្រៀង, គ្រូពេទ្យ, កម្មករសំណង់, និស្សិត, អ្នកបម្រើការតាមភោជនីយដ្ឋាន, អ្នកដើរម៉ូដ ជាដើម បានចូលខ្លួនមកបង្ហាញសមត្ថភាពនៅចំពោះមុខគណៈកម្មការក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយនេះ។
ក្នុងចំណោមនោះ យើងសូមលើកយកកម្មករសំណង់ម្នាក់មកនិយាយ ដោយរូបគេនោះ មានឈ្មោះថា សែម សុគន្ធ អាយុ៣១ឆ្នាំ មកពីស្រុកស្ទោង ខេត្តកំពង់ធំ ជាអ្នកធ្លាប់ហាត់ប្រដាល់ និងបច្ចុប្បន្នជាកម្មករសំណង់នៅខេត្តកំពង់ស្ពឺ បានលើកយកចម្រៀងមួយបទ មានចំណងជើងថា «ថ្នម» ជាសំនៀងដើមរបស់លោកព្រាប សុវត្ថិ មកបកស្រាយ។
ក្រោយច្រៀងចប់ ឱក សុគន្ធកញ្ញា និងឆន សុវណ្ណរាជ មើលឃើញស្រដៀងគ្នាថា បេក្ខជនខាងលើ មានទន់សំឡេងពីធម្មជាតិ តែហាក់រាងខ្សោះកម្លាំង ហើយប្រឹងច្រៀងខ្លាំង ទាំងដែលបទនេះ មិនតឹងខ្លាំងនោះទេ។ ចំណែក សុខ ស៊ីឡាលីន និង ណុប បាយ៉ារិទ្ធ យល់ឃើញស្រដៀងគ្នាដែរថា សុគន្ធ មានទន់សំឡេងពីធម្មជាតិ, មានសមត្ថភាពក្នុងការប្រើប្រាស់សំឡេង ធ្វើបានល្អក្នុងចម្រៀង១បទនេះ។
ក្រោយបញ្ចេញមតិចប់ ទោះគណៈកម្មការមួយចំនួនវាយតម្លៃថា សុគន្ធ ច្រៀងរាងខ្សោយកម្លាំងក៏ពិតមែន តែពួកគេទាំងអស់បានផ្ដល់Yes ដល់បេក្ខជនរូបនេះ ធ្វើឲ្យរូបគេ បាន«Yes» ចំនួន៤ អាចជាប់ឈានទៅវគ្គបន្តទៀតបាន។ ជោគជ័យវគ្គនេះ បានធ្វើឲ្យរូបគេ និងអ្នកមកលើកទឹកចិត្ត ជាអ្នកប្រដាល់នោះ សប្បាយរីករាយខ្លាំងណាស់។
ចំពោះអ្នកទស្សនាវិញ បានបញ្ចេញយោបល់ចំពោះការបកស្រាយរបស់បេក្ខជនខាងលើថា «សំឡេងធ្ងន់ល្អ ច្រៀងពីរោះណាស់បង, ពេលខ្លះ ឃ្លា គាត់ ច្រៀង ស្រដៀង សំឡេង បង ព្រាប សុវត្ថិ 97%, ក្នុងមាត់បៀមដុំថ្មមែន បានជាសំឡេងធ្ងន់យ៉ាងនេះពីរោះហើយផ្អែមថ្នមមែន, ទៅអោយទឹកសំអាន ឥឡូវសំអានមកអោយកម្លាំងចិត្តវិញម្ដង, សំឡេងស្រដៀងលោកព្រាប សុវត្ថិ ណាស់ខុសត្រង់សំឡេងគាត់ធំជាងតិច តែច្រៀងពីរោះស្តាប់ណាស់»៕