ប្រិយមិត្ត បានជ្រាបរួចមកហើយនូវរឿងរ៉ាវរវាងលោកសុវណ្ណ រិទ្ធី និងភរិយា ដោយតាំងពីចេញពីពន្ធនាគារមក លោកមិនទាន់ទៅជួបមុខភរិយានៅឡើយទេ ជាហេតុធ្វើឲ្យភរិយាកើតទុក្ខមិនសុខចិត្តរង់ចាំលោករហូតទ្រាំលែងបានប្រកាសតាមហ្វេសប៊ុកហៅមកដោះស្រាយជាបន្ទាន់នោះ។
ក្រោយប្រកាសហើយនោះ មិនឃើញស្វាមីខ្លួនមកដោះស្រាយទៀតនោះ ស្រាប់តែកាលពីពេលថ្មីៗនេះ អ្នកនាងមាស សុជាតា បានទម្លាយរូបនារីម្នាក់ ហើយសួរទៅកាន់ប្រិយមិត្តថា ចង់ដឹងនារីម្នាក់នេះ ត្រូវជាអ្វីនឹងខ្លួនអត់។
ក្រោយការប្រកាសបាន១ថ្ងៃ ស្អែកឡើងពេលល្ងាច លោកសុវណ្ណ រិទ្ធី ក៏បានឡាយវីដេអូបកស្រាយគ្មានសល់ពីរឿងរ៉ាវទាំងអស់ ពិសេសពាក់ព័ន្ធនឹងនារី ដែលប្រពន្ធលោកទម្លាយនោះ ដោយលោកថា គ្រាន់តែជាមិត្តភក្ដិរាប់អានគ្នាធម្មតាប៉ុណ្ណោះ។
នៅក្នុងពេលនោះ លោកសុវណ្ណ រិទ្ធី ក៏បានបញ្ជាក់រួចហើយថា ឲ្យលោកទៅដោះស្រាយជាមួយភរិយា បែបណា បើពេលនេះលោកគ្មានអ្វីទាំងអស់ក្នុងខ្លួន ការងារក៏ទើបនឹងមានធ្វើប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ។ តែការបកស្រាយនេះ ភរិយាលោកហាក់មិនអស់ចិត្តនោះឡើយ ស្រាប់តែមុនេះ បានបង្ហោះសារហៅមកដោះស្រាយម្ដងទៀត។
អ្នកនាងមាស សុជាតា បានបង្ហោះសារនៅព្រលប់នេះថា «អូនទុកពេលអោយបងស្អែកសម្រាប់កាដោះស្រាយ យល់ថាធ្លាប់ជាប្ដីប្រពន្ធ អូនមិនត្រូវការហេតុផលអ្វីឡើយ បញ្ជាក់មិនចង់ឈ្នះចាញ់ …………. បើគិតមើលខ្លួនឯងទៅអូនមិនចង់ឈ្លោះគ្នាតាមfb តែបើបងមិនយល់ទៀត អូនខ្លាចទប់អារម្មណ៍មិនជាប់…..Sovann Rithy»។
ភ្លាមៗនោះ ជាការឆ្លើយតប លោកសុវណ្ណ រិទ្ធី បានលើកឡើងថា «Meas Socheata ប្តីមិនទាន់ហ៊ានទៅជួបអូននិងកូនយើងទេពេលនេះ សូមអូនយោគយល់បងផងចុះ ព្រោះប្តីដើរយកព័ត៌មានខាងក្រៅច្រើន ប្តីបារម្ភអូន និងកូនតូចៗយើងខ្លាំងណាស់
សូមអូនទុកពេលអោយបងផងបានទេ ចាំចប់កូវិតពេលនេះសិនទៅបានទេ ពីមុនបងអត់ការងារធ្វើក្រែងអូនដឹងច្បាស់ដែរតើអូន ទើបបងមិនចង់ផ្តល់ការលំបាកច្រើនអោយក្រុមគ្រួសារអូន បងប្រឹងណាស់ ប្រឹងដើរថតវីដេអូអោយគេបានលុយតិចតួច ទុកគ្រាន់ទិញបាយហូបខ្លួនឯងផង និងសល់បន្តិចបន្តួចបងផ្ញើអោយអូនទិញទឹកដោះគោ
និងពេលកូនយើងទាំងពីរឈឺម្តងម្កាលដែរតើអូន ទោះបីលុយបងមិនបានផ្ញើអោយច្រើនក៏បងបានផ្ញើអស់ៗពីខ្លួនរបស់បងដែរ សូមអូនយោគយល់បងផងបានទេ ដោះស្រាយបងគង់តែទៅដោះហើយណា៎អូន»៕ សូមទស្សនាស្ក្រីនសត និងរូបភាពដូចខាងក្រោមនេះ ៖