គេនៅចាំបានថា កាលពីដើមឆ្នាំ២០២២ តារាចម្រៀងសំនៀងផ្អែមមុត និងជាម្ចាស់ពានកម្មវិធីចម្រៀង Cambodian Idol រដូវកាលទី២ កញ្ញា ឈិន ម៉ានិច្ច បានធ្វើឱ្យមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំងនៅលើបណ្ដាញសង្គម បន្ទាប់ពីនាងបានធ្វើពិធីឡើងគេហដ្ឋានថ្មីតម្លៃជាង៤ម៉ឺនដុល្លារនៅឯស្រុកកំណើត។
សមិទ្ធផលមួយនេះ បានធ្វើឱ្យ ឈិន ម៉ានិច្ច រំភើបរីករាយជាខ្លាំង ព្រោះផ្ទះថ្មីដែលចំណាយលុយផ្ទាល់ខ្លួនជាង៤ម៉ឺនដុល្លារសាងសង់នោះ គឺធ្វើឡើងដើម្បីតបស្នងគុណឪពុកម្ដាយ។ ក្រៅពីនោះ ឈិន ម៉ានិច្ច ក៏មិនភ្លេចឡើយនូវគុណបំណាច់របស់អ្នកមានគុណចំនួនពីរដែលមិនមែនជាឪពុកម្ដាយរបស់នាង គឺផលិតកម្មរស្មីហង្សមាស និងអ្នកគាំទ្រ។
ដោយឡែក នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២នេះ ឈិន ម៉ានិច្ច បានបំពេញបំណងរបស់ខ្លួនឯងវិញម្ដង ដោយបានទិញរថយន្តយ៉ាងទំនើបម៉ាក Jeep ដែលត្រូវបានគេដឹងថាមានតម្លៃប្រមាណជិត៨ ម៉ឺនដុល្លារឯណោះ។
មិនត្រឹមតែជារថយន្តទំនើបតម្លៃខ្ពស់ប៉ុណ្ណោះទេ ឈិន ម៉ានិច្ច ថែមទាំងប្រើប្រាស់ស្លាកលេខជាឈ្មោះរបស់ខ្លួនដែរ។ ជាមួយនឹងសមាជិកថ្មីនេះ ឈិន ម៉ានិច្ច ក៏បានយកឲ្យលោកឪពុកស្រោចទឹកសុំក្តីសុខផងដែរ។
បង្ហោះភ្ជាប់ជាមួយរូបថតរថយន្តខាងលើជាច្រើនសន្លឹក ឪពុកតារាចម្រៀងរូបនេះ បាននិយាយថា « ជូនពរកូនថ្ងៃសុក្រ សុខសប្បាយ ជោគជ័យ សំណាងល្អ ឡានថ្មី អ្វីដែលកូនប៉ងបានសម្រេចហើយ (បងធំក្នុងគ្រួសារ )បើកូនចង់បានអីគឺមិនដែលឲ្យពុកម៉ែពិបាកទេ តាំងតែពីតូចពូកែសន្សំលុយ»។
ឆ្លើយតបនឹងការលើកឡើងរបស់ឪពុក, ឈិន ម៉ានិច្ច បានបញ្ជាក់ថា «បងធំក្នុងគ្រួសារត្រូវតែធ្វើគំរូល្អអញ្ចឹងហើយ។ អរគុណប៉ា»។ ការឡើងស៊េរីរថយន្តទំនើបរបស់ ឈិន ម៉ានិច្ច ក៏ទទួលបានការអបអរ និងជូនពរពីសំណាក់មិត្តភក្តិ និងអ្នកគាំទ្រជាច្រើន៕