លោកអ្នកទំនងជា បានជ្រាបរួចមកហើយថា តារាចម្រៀង រ៉េត ស៊ូហ្សាណា ជាអតីតបេក្ខនារីក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកThe Voice Cambodia រដូវកាលទី២ ដែលច្រៀងបទអង់គ្លេសបានយ៉ាងល្អ ហើយក្រោយមកក៏វិវឌ្ឍខ្លួនច្រៀងបទខ្មែរបានយ៉ាងពីរោះផងដែរ។
បច្ចុប្បន្ន រ៉េត ស៊ូហ្សាណា កំពុងឈរជើងនៅផលិតកម្មរស្មីហង្សមាស និងជាដៃគូដ៏សមសក្ដិជាមួយនឹង សុវត្ថិ មុនីនាគ ដែលជាកូនប្រុសទី២ របស់កំពូលតារាចម្រៀងព្រាប សុវត្ថិ។ កន្លងមក ពួកគេ បានចេញបទចម្រៀង និងសម្ដែងជាមួយគ្នាបានយ៉ាងល្អ ក្នុងMVបទបែបយុវវ័យ «សុំខុសមួយយប់»។ ចំពោះបទ «សង្ស័យ» សម្ដែងជាមួយគ្នា ក៏ទទួលបានការគាំទ្រច្រើនផងដែរ។
ក្រៅពីការសម្ដែងជាមួយគ្នាហើយនោះ ថ្មីៗនេះ តារាចម្រៀង រ៉េត ស៊ូហ្សាណា ថែមទាំង បណ្តើរកូនប្រុសទីពីររបស់តារាចម្រៀង ព្រាប សុវត្ថិ ជាមួយមិត្តភក្ដិដទៃទៀត ទៅសួនសត្វ សួនសត្វសាហ្វារី យ៉ាងរីករាយ ហើយត្រូវបានអ្នកគាំទ្រមើលឃើញថា ពួកគេពិតជាសក្ដិសមគ្នាណាស់។
ភាពស្និទ្ធស្នាលរបស់តារាចម្រៀងយុវវ័យទាំងពីរ បានធ្វើឱ្យ ហ្វេនៗលាន់មាត់សរសើរព្រាតតែម្តង។រ៉េត ស៊ូហ្សាណា បានបង្ហាញទឹកមុខរីករាយជាមួយនឹងការថតរូបយ៉ាងស្និទ្ធស្នាលជាមួយកូនប្រុសទីពីររបស់តារាចម្រៀង ព្រាប សុវត្ថិ រួមនឹងមិត្តភក្តិរបស់នាង។
ក្រៅពីនោះគេក៏បានឃើញវត្តមានអ្នកម្តាយរបស់នាងនៅក្នុងដំណើរកម្សាន្តនេះផងដែរ។ រូបភាពដ៏ស្រស់ស្អាតរបស់តារាចម្រៀង រ៉េត ស៊ូហ្សាណា និង សុវត្ថិ មុនីនាគ បានធ្វើឱ្យអ្នកគាំទ្រសរសើរថា ផ្អែមល្ហែមដូចគូស្នេហ៍មើលទៅសមគ្នាណាស់។
ជាក់ស្ដែង ពួកគេ បានលើកឡើងថា «ស្អាតណាស់ គេមានម្ចាស់ហើយ, សមគ្នាខ្លាំងណាស់, So cuteស្អាតហើយសមគ្នានឹងបងនាគណាស់, ច្បាស់ដូចថ្ងៃត្រង់, ដូចការសង្ស័យមែន, នៅណាបង សមគ្នាណាស់ ក្តីស្រមៃហ្វេនៗ, ដូចចំហាយ ship ship មិចទេidol»។
គួរបញ្ជាក់ផងដែរថាទោះបីជាទើបប្រឡូកក្នុងសិល្បៈរយៈពេលខ្លីក៏ពិត មែន តែ រ៉េត ស៊ូហ្សាណា និងក្រុមគ្រួសារតារាចម្រៀង ព្រាប សុវត្ថិ ស្និទ្ធស្នាលគ្នាណាស់។ជាក់ស្តែង នៅក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ប្អូនស្រីតារាចម្រៀង ព្រាប សុវត្ថិ អញ្ជើញតែ រ៉េត ស៊ូហ្សាណា តែម្នាក់ប៉ុណ្ណោះក្នុងចំណោមតារាចម្រៀងនៅផលិតកម្មហង្សមាស រួមនឹងអ្នកសិល្បៈជិតដិតប៉ុន្មាននាក់ប៉ុណ្ណោះ។
កន្លងមក រ៉េត ស៊ូហ្សាណា និង សុវត្ថិ មុនីនាគ ក៏មានបទចម្រៀងរួមគ្នានឹងទទួលបានការគាំទ្រពីសំណាក់មិត្តយុវវ័យជាច្រើន។ រ៉េត ស៊ូហ្សាណា ជាតារាចម្រៀងដែលមានទីផ្សារការងារខ្ពស់មិនចាញ់តារារៀមច្បងប៉ុន្មានឡើយ។ ក្រៅពីតារាចម្រៀងនាងក៏ក្តោបបានស្ប៉តពាណិជ្ជកម្មធំជាច្រើនក្នុងតម្លៃខ្ពស់ខ្ពស់មិនធម្មតាដែរ។
អ្វីដែលគួរឱ្យសរសើរចាប់តាំងពីចូលប្រឡូកក្នុងសិល្បៈមកតារាវ័យក្មេងរូបនេះមិនដែលពើបប្រទះនូវរឿងអាស្រូវស្នេហាទេ ភាគច្រើននាងទៅណាមកណាដោយមាន អ្នកម្តាយ និងបងស្រីរួមដំណើរជាហេតុធ្វើឱ្យបុរសៗពិបាកក្នុងការចូលកៀកតារាចម្រៀងរូបស្រស់ម្នាក់នេះ៕