បើនិយាយដល់គ្រួសារត្រកូល «ខាត់» ច្បាស់ណាស់ប្រិយមិត្តប្រាកដជានឹកដល់កេរ្តិ៍ឈ្មោះដ៏ពីរោះ និងក្រអូបសាយ របស់តារាពហុជំនាញអ្នកនាង ខាត់ សុឃីម ដែលជាតារាមួយរូប មានភាពល្បីល្បាញខ្លាំងក្នុងចំណោមតារាជាច្រើនទៀតក្នុងសង្គមសិល្បៈខ្មែរ។
លើសពីនេះ នាងក៏ជាសិល្បការិនីឆ្នើមមួយរូប ដែលបានខិតខំប្រឹងប្រែងដុតដៃដុតជើង ជួយចែករំលែក ថែរក្សា និងគាំទ្របំផុសគំនិតពីសិល្បៈបុរាណខ្មែរជាច្រើនទៅកាន់មហាជនផងដែរ។
ទោះយ៉ាងណា ប្រិយមិត្តទំនងជាមិនបានដឹងទេថា ប្រវត្តិនៃកាតស៊ូរបស់កូនស្រីច្បងនៃគ្រួសារត្រកូល «ខាត់» រូបនេះ ទម្រាំទទួលបានភាពល្បីល្បាញចាស់ក្មេងស្គាល់ពេញប្រទេសដូចសព្វថ្ងៃ បានឆ្លងកាត់រឿងជាច្រើន និងមានការលំបាកប៉ុណ្ណាឡើយ។
តារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានចូលប្រឡូកក្នុងវ័យសិល្បៈតាំងតែពីអាយុ៥ឆ្នាំ និងហាត់រៀនសិល្បៈបុរាណ និងភ្លេងប្រពៃណីខ្មែរជាមួយបងប្អូន និងមានឪពុកបង្កើតជាគ្រូ គឺលោក លាវ ខាត់ ។
តាមការឱ្យដឹង, ខាត់ សុឃីម មានបងប្អូនចំនួន៩នាក់ ប្រុស៥នាក់ ស្រី៤នាក់ ប៉ុន្តែកាលពីពេលចាប់ផ្ដើមហាត់រៀនសិល្បៈនោះ ប្អូនៗចំនួនពីរនាក់នៅក្មេងពេកមិនទាន់ហាត់រៀនបាន ហើយក្នុងបងប្អូនដែលបានហាត់រៀនសិល្បៈទាំងអស់ គឺមានតែ ខាត់ សុឃីម ម្នាក់ប៉ុណ្ណោះដែលមានភាពលេចធ្លោជាងគេ ហើយនាងក៏ចាប់ផ្ដើមមានភាពល្បីល្បាញ និងមានមានគេស្គាល់កាន់តែច្រើននៅពេលដែលឈានជើងចូលប្រឡូងក្នុងសិល្បៈសម័យ នៅក្នុងឆ្នាំ១៩៩៥។
ក្នុងកំឡុងពេលចូលប្រឡូកក្នុងសិល្បៈសម័យដំបូងនោះទៀតសោត គឺតារាពហុជំនាញរូបនេះចេះច្រៀងចម្រៀងសម័យប៉ុន្មានតែពីរបទប៉ុណ្ណោះ គឺបទ «ស្រលាញ់អូនដល់ណា» និងបទ «ស្គាល់រសជាតិស្នេហ៍» ។
ទោះយ៉ាងណាដោយមានការខិតខំប្រឹងប្រែង តស៊ូជិត៤ទសវត្សរ៍មកដល់ពេលនេះ បងប្អូនគ្រួសារត្រកូល «ខាត់» ពិសេសគឺ ខាត់ សុឃីម ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងជោគជ័យលើមុខជំនួញធំៗជាច្រើនថែមទៀតផង។
ជាក់ស្ដែងក្នុងចំណោមបងប្អូន ខាត់ សុឃីម ទាំងអស់ មាន៣នាក់ទៅហើយ បានស្គាល់រសជាតិឡានខ្លាញ់គោ តម្លៃរាប់ម៉ឺនដុល្លារនោះ។ ខាត់ សុឃីម បានបញ្ជាក់ កាលពីពេលថ្មីៗនេះដូច្នេះថា «3នាក់បងប្អូន បានស្គាល់ជាតិឡាន ខ្លាញ់គោ កូនអ្នកស្រែ ម៉ែឪក្រ ត្រដរប្រឹងប្រែង បំពេញក្តីស្រមៃ របស់ខ្លួនឯងអរគុណ Mochy អរគុណ បងប្អូនគាំទ្រខ្លាំង ទាំងក្រៅក្នុងប្រទេស 9នាក់ ប្រឹងកុំទម្លាក់ដៃ ស៊ូៗ ៗ ៗ ៗ»។
បងប្អូនត្រកូលខាត់ទាំង៩នាក់នោះ រួមមានអ្នកនាង ទី១. ខាត់ សុឃីម(មានឡានខ្លាញ់គោ), ទី២.លោក ខាត់ ចំរើន, ទី៣. លោក ខាត់ សារុម, ទី៤. លោក ខាត់ សារ៉េន, ទី៥. អ្នកនាង ខាត់ ស្រីវន រស់នៅអាមេរិក (មានឡានខ្លាញ់គោ), ទី៦. លោក ខាត់ អាយ៉ៃ, ទី៧. លោក ខាត់ សេរី, ទី៨.អ្នកនាង ខាត់ សួស្ដី និងទី៩. កញ្ញា ខាត់ ណាចា (មានឡានខ្លាញ់គោ)។
គួរបញ្ជាក់ថា តារាពហុជំនាញអ្នកនាង ខាត់ សុឃីម គឺជាតារាចាស់វស្សាមួយរូប ដែលមានប្រវត្តិជូរចត់ និងជួបរឿងគេបោកធំៗចំនួន៣លើក ជាពិសេសត្រូវបានគេបោកយកទៅលក់នៅក្រៅប្រទេសទៀតផង។ ថ្មីៗនេះ ខាត់ សុឃីម និងស្វាមីបានសម្រេចចិត្តទិញរថយន្ត Lexus 570 មួយគ្រឿង និងបានលក់វិញ បន្ទាប់ពីជិះមិនទាន់បាន១ខែ ដោយសុខចិត្តទទួលខាតជាង២ម៉ឺនដុល្លារ។
បើទោះជាយ៉ាងណា ពេលនេះប្ដីប្រពន្ធអ្នកនាង ខាត់ សុឃីម ក៏បានចំណាយលុយជាង២សែន៣ម៉ឺន៥ពាន់ដុល្លារ ដើម្បីទិញរថយន្ត Lexus 570 ស៊េរីឆ្នាំ២០២១ ជាថ្មីម្ដងទៀត ដោយរំពឹងថា នឹងនាំលាភនាំជ័យ និងមិនជាន់លើដានចាស់៕