កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodian Idol រដូវកាលទី៤ វគ្គJudge Audition សប្ដាហ៍ទី៥កន្លងទៅនេះ បានចម្រាញ់បានបេក្ខជន បេក្ខនារីមានសមត្ថភាពចំនួន២៣រូប ខណៈ សប្ដាហ៍ទី១ បានបេក្ខជន១៨រូប, សប្ដាហ៍ទី២ ចំនួន២១រូប, សប្ដាហ៍ទី៣ ចំនួន២៣រូប, សប្ដាហ៍ទី៤ បាន២៣រូប សរុបទាំង៥សប្ដាហ៍បាន ១០៦រូបឯណោះ។
ក្នុងចំណោមបេក្ខជន បេក្ខនារីទាំងអស់នោះ សុទ្ធតែពោរពេញដោយសមត្ថភាព និងទេពកោសល្យមិនធម្មតា។ ក្នុងនោះ ពួកគេថែមទាំងទាក់ចិត្តគណៈកម្មការឲ្យលង់នឹងសម្រស់ រហូតដល់បេក្ខជនខ្លះ ធ្វើឲ្យគណៈកម្មការស្រក់ទឹកភ្នែកក៏មានដែរ ព្រោះតែក្ដីរំភើប រំជួលចិត្តនោះ។
ជាក់ស្ដែង ក្នុងសប្ដាហ៍ទី៥នេះ អ្នកលក់ ឡានម្នាក់ បានធ្វើឲ្យតារាចម្រៀង សុខ ស៊ីឡាលីន ស្រក់ទឹកភ្នែកពិតៗ ព្រោះតែបេក្ខជន បា,ញ់ចំបេះដូងនាងពេក រហូតនិយាយបណ្ដើរ ជួតទឹកភ្នែកបណ្ដើរទៀតថា ខ្លួនរាល់ថ្ងៃ ដូចជាមនុស្សប្រុសផង ស្រីផង ហើយការរំភើបនេះ ដោយសារតែបេក្ខជន បា,ញ់ព្រួញមកចំពេក ចំចំណុច ដែលខ្លួនកំពុងតែខ្វះខាត។
និយាយដល់ចំណុចនេះ សុខ ស៊ីឡាលីន រៀបរាប់ទាំងអួលដើម.កទៀតថា ពេលខ្លះឃើញសេចក្ដីសុខរបស់ បងកញ្ញា ធ្វើឲ្យខ្លួនរំភើបថា ខ្លួនប្រហែលជារឹងមាំពេកមិនដឹង បានជាកម្រជួបបុរសណា ដែលចង់ជួយមើលថែ។
ត្រឡប់មកនិយាយមុនពេលបេក្ខជនម្នាក់នេះ ឡើងប្រឡងកម្មវិធីខាងលើវិញ ស្រាប់តែអ្នកគាំទ្រមួយចំនួន បានប្រទះ រូបគេដើរម៉ូត ក្នុងកម្មវិធី fashion show Queen Victoria Spring Summer Collection 2023 ទើបគេដឹងថា បេក្ខជនម្នាក់នេះ មិនត្រឹមតែចេះត្រៀមមួយមុខនោះទេ ថែមទាំងចេះដើរម៉ូតទៀតផង។
បន្ថែមលើនេះ ណាន វីសារ ក៏បានធ្វើឱ្យមហាជនកាន់តែចាប់អារម្មណ៍ថែមទៀត ខណៈក្រុមអ្នកគាំទ្ររបស់លោក បានទម្លាយនូវរឿងមួយរវាងលោក និង បវរកញ្ញាចក្រវាលកញ្ញាកម្ពុជា ២០២១ កញ្ញា ងិន ម៉ារ៉ាឌី ថា អ្នកទាំងពីរធ្លាប់មានទំនាក់ទំនងយ៉ាងពិសេសជាមួយគ្នានោះ។
ជាក់ស្ដែងអ្នកគាំទ្របេក្ខជន ណាន វីសារ ប្រើប្រាស់ទំព័រហ្វេសប៊ុកឈ្មោះWe love Visa Nan បានទម្លាយថា «ទាំងអស់គ្នាមានដឹងទេថានៅពីក្រោយភាពជោគជ័យរបស់កញ្ញា Ngin Marady – Rosa នៃការឈ្នះម្កុដ Miss Universe Cambodia 2021 ក៏មានការជួយជ្រោមជ្រែង ពីបងប្រុស ណាន វិសារ – Nan Visa បេក្ខភាព Cambodia idol រដូវកាលទី៤ ផងដែរ ដោយគាត់តែងតែនៅក្បែរបង ម៉ារ៉ាឌី ជានិច្ច និង ជួយរៀបចំខ្លួន ក្នុងអំឡុងពេលប្រកួត MUC 2021 ក៏ដូចជាថតរូប និង សកម្មភាពផ្សេងៗ ជូនបង ម៉ារ៉ាឌីផងដែរ»៕