កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodian Idolរដូវកាលទី៤ វគ្គ Judge Audition សប្ដាហ៍ទី៣ បានបញ្ចប់ទៅកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ដោយចម្រាញ់បានបេក្ខជន បេក្ខនារីមានសមត្ថភាពចំនួន២៣រូប។
ក្នុងចំណោម២៣រូបនេះ អ្នកទស្សនាមួយចំនួន បានចាប់អារម្មណ៍ទៅលើបេក្ខនារីមួយរូបស្ថិតក្នុងវ័យ២៨ឆ្នាំ ឈ្មោះ ធី ចាន់ធា ដោយសារតែច្រៀងដូចចាក់ឌីស ហើយមុខមាត់ស្រដៀងទៅនឹងអ្នកស្រី ទ្រី ដាណា ថៅកែហាងពេជ្រចិត្តធម៌ទៀតផង។
បេក្ខនារី មកពីខេត្តបាត់ដំបងរូបនេះ បានលើកយកបទចម្រៀងមានចំណងជើងថា «រាត្រីទឹកឃ្មុំ» មកបង្ហាញសមត្ថភាពនៅចំពោះមុខគណៈកម្មការ ដោយគ្រាន់តែចាប់ផ្ដើមច្រៀងភ្លាម សំឡេងដូចចាក់ឌីសទៅហើយ ដោយច្រៀងបានយ៉ាងពីរោះ រណ្ដំ ផ្អែម ស្រទន់ ស្ដាប់ហើយចង់ងងុយដេកតែម្ដង។
ក្រោយច្រៀងបទប្រឡងចប់ និងទទួលបានការសរសើរហើយនោះ, បេក្ខនារីម្នាក់នេះ ថែមទាំងច្រៀងសម្ដែងកាត់សក់បង្កក់សេរី បានយ៉ាងល្អ ដោយចាប់ដៃគូជាមួយលោក ណុប បាយ៉ារិទ្ធ ញាំងឲ្យកម្មវិធីទាំងមូលពោរពេញដោយសំណើច ព្រោះតែពាក្យកំប្លុកកំប្លែងតួទេវតាប្រុសនោះ។
ការច្រៀងបង្ហាញសមត្ថភាព រួមនឹងច្រៀងសម្ដែងបន្ថែមបានយ៉ាងល្អនេះ មិនធ្វើឲ្យគណៈកម្មការស្ទាក់ស្ទើរក្នុងការផ្ដល់«យេស»ចំនួន៤ដល់បេក្ខនារីរូបនេះឡើយ។ លើសពីនេះ សំបុត្រមាសនោះ ត្រូវបាន លោក ឆន សុវណ្ណរាជ យកទៅប្រគល់ដោយផ្ទាល់ និងខ្វែងដៃគ្នាជូនត្រឡប់ទៅវិញផងដែរ។
ងាកមកអ្នកទស្សនា ក្រៅពីនាំគ្នាសរសើរថា បេក្ខនារីម្នាក់នេះ មានសំឡេងពីរោះ ដូចចាក់ឌីស ស្រទន់ ផ្អែម លួងលោម ស្ដាប់ហើយចង់ងងុយដេកនោះ អ្នកខ្លះថែមទាំងចាប់អារម្មណ៍ថា រូបនាង មុខស្រដៀងអ្នកស្រី ទ្រី ដាណា ទៀតផង រហូតលើកឡើងថា «ដូចទ្រីដាណាហើយច្រៀងពិរោះទៀត, មុខបងដូច បងស្រី ទ្រីដាណាម្លេះ»។
ពាក់ព័ន្ធនឹងរឿងនេះដែរ សូម្បីតែបេក្ខនារី ធី ចាន់ធា ខ្លួនឯងក៏បានលើកឡើងកាលពីពេលថ្មីៗកន្លងទៅនេះដែរថា «ខ្ញុំទៅច្រៀងនៅឯណាក៏ឮតែពាក្យថា ខ្ញុំមុខស្រដៀង បងស្រី ទ្រី ដាណា រហូត»។
បន្ថែមលើនេះ ក្រោយឃើញព័ត៌មានលើបណ្ដាញសង្គម ចុះផ្សាយច្រើនពេក មានទាំងយូធូប, ទីកតុក, ហ្វេសប៊ុក នោះ បេក្ខនារីមកពីខេត្តបាត់ដំបងរូបនេះ បានបញ្ជាក់ពីមូលហេតុមុខស្រដៀងអ្នកស្រី ទ្រី ដាណាថា «មកពីខ្ញុំស្រលាញ់ បងស្រី ទ្រីដាណា ខ្លាំងពេក ពេលខ្ញុំតែងខ្លួនឡើងច្រៀង១០០% ដែលសួរថា ខ្ញុំមុខស្រដៀងបងស្រីម្លេះ»៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម ៖