គេនៅចាំបានថា តារាចម្រៀង យក់ ឋិតរដ្ឋា បានរៀបការជាមួយ លោក ឃុំ ប៉ុណ្ណាដែត កាលពីអំឡុងឆ្នាំ ២០០៦។ ក្រោយពីរៀបការជាមួយគ្នារួចមក គិតមកដល់ពេលនេះ ពួកគេ បានទទួលចំណងដៃកូនប្រុស ស្រី ចំនួន ៣ នាក់ហើយ ។
បច្ចុប្បន្ន ពួកគេទាំង២នាក់ មានអាជីវកម្មជាច្រើននៅក្នុងដៃ ដូចជា គ្រឿងសម្អាង ដីឡូតិ៍ និងផ្ទះល្វែង បុរីជាដើម។ តែថ្មីៗនេះ ស្រាប់តែជួបរឿងរ៉ាវជាមួយអ្នកមានទ្រព្យ ធ្វើឲ្យពួកគេបានត្រឹមប្ដេជ្ញាតស៊ូដល់ទីបញ្ចប់ ហើយសម្បីតែលុយទិញទឹកដោះគោកូនក៏ពួកគេត្រូវខ្ចីលុយមិត្តភក្ដិដែរ។
កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ តារាចម្រៀង អ្នកនាង យក់ ឋិតរដ្ឋា បានបង្ហោះសារយ៉ាងភ្ញាក់ផ្អើល អមដោយស្ទីកឃ័រទឹកភ្នែកថា « ខ្ញុំអត់ដែលធ្វើបាបអ្នកណាទេលោកអើយ បាបកម្មមានពិត អ្នកឯងបំពានខ្ញុំ ហេតុអីអ្នកឯងបំផ្លាញខ្ញុំចឹង»។
ក្រោយមកនៅថ្ងៃទី២៨ ខែឧសភា យក់ ឋិតរដ្ឋា បានបង្ហោះរូបថតជិះកង់៣ជាមួយកូនៗយ៉ាងកម្សត់ ហើយរៀបរាប់អមដោយស្ទីកឃ័រទឹកភ្នែកទៀតថា «ខ្ញុំដឹងថា ខ្ញុំគ្មានលុយកាក់ច្រើនដូចអ្នកឯងដើម្បីតតាំងជាមួយអ្នកឯង តែខ្ញុំនឹងស៊ូអោយដល់ទីបញ្ចប់ បើទោះជាខ្ញុំត្រូវដើរខ្ចីបុលលុយកាក់គេក៏ដោយ គឺខ្ញុំប្រើភាពស្មោះត្រង់របស់ខ្ញុំតែមួយមុខគត់ អ្នកឯងហែលទឹកភ្នែកខ្ញុំមិនរូចទេ បាបកម្មមានពិត»។
ងាកមកលោក ឃុំ ប៉ុណ្ណាដែត បានត្រឹមប្រាប់ទៅភរិយាថា «ទ្រាំទៅប្រពន្ធសម្លាញ់ មាសសុទ្ធមិនខ្លាចភ្លើង វាជាលើកទីមួយក្នុងជីវិតរបស់ពួកយើងហើយ»។ អ្វី ដែលកាន់តែមិននឹកស្មានដល់នោះ លោក ឃុំ ប៉ុណ្ណាដែត បានបង្ហោះសារមួយទៀត រៀបរាប់ទាំងទឹកភ្នែកថា «សូម្បីតែលុយទិញទឹកដោះគោកូន និងទិញម្ហូបក៏ត្រូវទៅខ្ចីពីមិត្តភក្ត្រដែរ»។
ដោយឡែកនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ តារាចម្រៀង យុក ឋិតរដ្ឋា បានបង្ហោះរូបថត ពេលទៅលេងលោកជំទាវ ហ៊ុន ស៊ីណាត ជាច្រើនសន្លឹក ហើយបញ្ជាក់ថា «អរុណសួរស្តីបងប្អូន ទាំងអស់គ្នា នាងខ្ញុំ និង ស្វាមីព្រមទាំងកូនៗទាំងបី សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ជំទាវម៉ែ ហ៊ុន ស៊ីណាត ដែលបានផ្តល់ថវិកាចំនួន ១,០០០,០០០៛ ដល់ចៅៗ និងបានផ្តល់ថវិកាមួយចំនួនទៀតទុកគ្រាន់ដោះស្រាយជីវភាពចំនួន$200 កូនទាំងពីរមានតែម្រាមដៃដប់សំពះអរគុណអ្នកម៉ែ មានសុខភាពល្អ ដើម្បីជាម្លប់ដល់កូនចៅ»៕